2025-06-05 22:01
84

បាត់ដំបង៖ សាកសពបុរសឃាតករបាញ់សម្លាប់គូរកំណាន់ចិត្តជាបុរសភេទដូចគ្នា ដែលរត់គេចខ្លួនទៅដល់ទឹកដីនៃប្រទេសថៃ និងបានចង.កសម្លាប់ខ្លួនតាមក្រោយនោះ បានដឹកចេញពីប្រទេសថៃមកដល់កម្ពុជា តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ដូច្នេះ សំណុំរឿងករណី «ឃាតកម្ម» នេះ ត្រូវបានបិទបញ្ចប់បន្ទាប់ពីសមត្ថកិច្ចបានពិនិត្យ និងបញ្ជាក់អំពីអត្តសញ្ញាណយ៉ាងច្បាស់លាស់។

នៅវេលាម៉ោង ២០និង៤៥នាទីយប់នេះ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍សេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា៖ «សពជនសង្ស័យដែលបានបាញ់កំណាន់ចិត្តដល់ផ្ទះនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានដឹកពីប្រទេសថៃមកដីប្រទេសកម្ពុជារួចរាល់ សាកសពក៏ត្រូវបានបញ្ចាក់អត្តសញ្ញាណយ៉ាងច្បាស់លាស់ ដូចនេះករណីប៉ងឃាតកម្មដោយចេតនាកាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានបិទបញ្ជប់»។ 

លោកស្នងការ ក៏បានអរគុណមន្ត្រីនគរបាលគ្រប់រូបទាំងនៅព្រៃវែង និងនៅអង្គភាពផ្សេងៗ ដែលបានតស៊ូទាំងយប់ទាំងថ្ងៃរហូតបានបិទបញ្ចប់ករណីអំពើឃាតកម្ម គូរស្នេហ៍ស្រឡាញ់ភេទដូចគ្នាជាស្ថាបពរ។

សូមជម្រាបថា កាលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៣និង៣៤នាទី នៅចំណុច ភូមិព្រៃភ្លាំង ឃុំដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីអំពើ «ឃាតកម្ម» កើតឡើងបង្កដោយជនសង្ស័យ មានឈ្មោះ ខុន ហ៊ុយ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពដោយប្រើប្រាស់អាវុធខ្លីបាញ់ប្រហារទៅលើជនរងគ្រោះ មានឈ្មោះ ហ៊ួ ឡុង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាគូរកំណាន់ចិត្តនឹងគ្នា (ស្រឡាញ់ភេទដូចគ្ន) បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ករណីឃាតកម្មនេះផ្តើមឡើងដោយសារភ្លើងប្រចណ្ឌជនដៃដល់ខឹងដៃគូររបស់ខ្លួនរត់គេចពីព្រំដែនថៃ មករួមរស់ជាមួយប្រពន្ធ និងកូនឯស្រុកសកំណើតវិញ។

ក្រោយកើតហេតុជនដៃដល់ជាឃាតកបានរត់គេចខ្លួនទៅកាន់ប្រទេសថៃ ទីកន្លែងដែលខ្លួនធ្លាប់រស់នៅ និងរកស៊ីនៅទីនោះ។ សមត្ថកិច្ចជំនាញបានបន្តធ្វើការស្រាវជ្រាវ ដោយទទួលបានព័ត៌មានថា ជនសង្ស័យខាងលើបានគេចខ្លួនឆ្លងដែនខុសច្បាប់តាមច្រករបៀងក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចូលទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ហើយបានបន្តទៅធ្វើការនៅកន្លែងកាប់ជ្រូកជាមួយបងស្រីរបស់ខ្លួន ដែលមានទីតាំងនៅក្នុង ភូមិផុងហៀង ឃុំបរណាង ស្រុកផាណាត់នី ខេត្តឈុនបុរី រួចបានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនក្នុងបន្ទប់ទឹក នៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នេះ។

បច្ចុប្បន្នសាកសពឃាតកដែលបាញ់សម្លាប់កំណាន់ចិត្តភេទដូចគ្នា ត្រូវបានបញ្ជូនមកពីប្រទេសថៃមកប្រទេសក​ម្ពុ​ជាវិញ តាមច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយសមត្ថកិច្ចបានពិនិត្យអត្តសញ្ញាណច្បា​ស់លា​ស់​ និងបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕