2025-06-03 16:22
28

នៅព្រឹកថ្ងៃអង្គារទី៣ ខែមិថុនាឆ្នាំ២០២៥ សមាជរដ្ឋសភានិងព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា ដោយត្រូវប្រជុំពិភាក្សាលើប្រធានបទទី៣ ស្តីពីវិស័យកសិកម្ម បន្ទាប់ពិបានចំណាយពេលជាង១៦ម៉ោង ពោលគឺការប្រជុំចាប់ពី៨ព្រឹក រហូតដល់ម៉ោង០០:២៥នាទី ឈានចូលថ្ងៃទី៣មិថុនា ក្នុងការពិភាក្សានិងអនុម័តលើប្រធានបទចំនួនពីរ គឺប្រធានបទស្តីពី ប្រព័ន្ធគំាពារសង្គមនិងប្រធានបទស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ 

កិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃទី២នេះ មានវត្តមានសមាជិកសមាជដែលជាសមាជិកព្រឹទ្ធសភាចំនួន៦០អង្គ/រូបនិងសមាជិករដ្ឋសភាចំនួន១១៩អង្គ/រូប។ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អបដោយឯកឧត្តម លោកជំទាវជាសមាជិកសមាជិការាជរដ្ឋាភិបាលនិងឥស្សរជនជំនាញ អញ្ជើញមកធ្វើបទអន្តរាគមន៍ជូនអង្គសមាជ។ គណៈប្រតិភូគណបក្សនយោបាយនានា ដែលជាសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក៏បានចូលរួមផងដែរ។ 

សមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១ ដែលបានប្រារព្ធធ្វើនៅពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បម្រើឱ្យឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា បានបង្ហាញពីស្មារតីទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងស្ថាប័ននីតិប្បញត្តិនិងនីតិប្រតិបត្តិនិងភាគីពាក់ព័ន្ធក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។ 

កិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១ មានផ្សាយផ្ទាល់យ៉ាងទូលំទូលាយ លើបណ្តាញផ្សព្វផ្សាយរបស់រដ្ឋ ឯកជននិងស្ថាប័នជាច្រើន យ៉ាងទូលំទូលាយ ជូនសាធារណជនបានទស្សនា ស្វែងយល់ផងដែរ៕