
ពោធិ៍សាត់៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានអញ្ជេីញចូលរួមបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក លឹម ឡុង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះបានទទួលការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមការងារសវនកម្មផ្ទៃក្នុង លោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ សង្កាត់ ក្នុងខេត្តពោធិ៍សាត់ ។
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអាននូវរបាយការណ៍ស្វាគមន៍ដោយលើកឡើងអំពីស្ថានភាពការងារ និងការត្រៀមខ្លួនសម្រាប់កិច្ចសវនកម្មផ្ទៃក្នុង របស់ស្នងការដ្ឋានសម្រាប់ក្រុមការងារសវនកម្មចុះមកត្រួតពិនិត្យ ។
លោកឧត្តមសេនីយ៍ឯក លឹម ឡុង បានមានប្រសាសន៍ថា ការរៀបចំកិច្ចសវនកម្មផ្ទៃក្នុងមានគោលបំណងដើម្បីវាយតម្លៃលើការអនុវត្តន៍ការងារពិនិត្យលើគ្រប់សកម្មភាព ឱ្យបានយល់ច្បាស់ការដឹងពីអត្តសញ្ញាណ និងសមត្ថភាពអង្គភាព ក្នុងគោលបំណងកែលម្អប្រសិទ្ធភាពការងារផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយ និងទិសដៅរបស់ក្រសួងមហាផ្ទៃ អង្គភាពនីមួយៗត្រូវបន្តរួមគ្នាដោះស្រាយបញ្ហាផ្ទៃក្នុង បង្កើនសុវត្ថិភាពសាធារណៈ និងអភិវឌ្ឍសមត្ថភាពការងារឱ្យបានសមស្របជាមួយស្ថានភាពសង្គមបច្ចុប្បន្ន ក្នុងនោះឯកឧត្ដម ឧត្តមសេនីយ៍ឯក បានផ្ដល់អនុសាសន៍ និងសម្ដែងការលើកទឹកចិត្តចំពោះកម្លាំងទាំងអស់ ដែលបានអនុវត្តន៍ការងារយ៉ាងស្មោះត្រង់ មានស្មារតីទំនួលខុសត្រូវ និងបន្តបម្រើការងារជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។



