
ភ្នំពេញ៖ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)» នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្សតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ ព្រះអង្គមានព្រះរាជបន្ទូលថា៖ «មាតុភូមិកម្ពុជានៃយើង គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វបុរសយើងបានថែរក្សាកេរដំណែលនេះទុកសម្រាប់យើងទាំងអស់គ្នា។
ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើដ៏ខៀវស្រងាត់ស្រស់ត្រកាល ទន្លេមេគង្គ បឹងទន្លេសាប ដែលជាមរតកធនធានធម្មជាតិ ដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរសមុទ្ទដ៏ស្រស់រស់រវើក និងប្រជុំកោះតូចធំជាច្រើន»។
ព្រះព្រះមហាក្សត្រ មានព្រះរាជបន្ទូលបន្ថែមទៀតថា៖ «សម្បត្តិធម្មជាតិទាំងអស់នេះហើយ គឺជាសរសៃឈាម នៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង»។
ព្រះករុណាព្រះមហាក្សត្រមានព្រះរាជយ៉ាងដូច្នេះ នាឱកាសព្រះអង្គសបហឫទ័យស្តេចយាងចូលរួមជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុតប្រារព្ធពិធី «ទិវា បរិស្ថានជាតិនិង់បរិស្ថានពិភពលោក” ៥មិថុនា ២០២៥ ក្រោមប្រធានបទ៖ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” ដ៏មានអត្ថន័យ ដែលកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសដ៏មហោឡារិក នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ រាជធានីភ្នំពេញដ៏ស្រស់បំព្រងនេះ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ព្រះមហាក្សត្រព្រះអង្គបាននាំមកនូវព្រះរាជទានសេចក្តីនឹករលឹក និងព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ សេចក្តីរាប់អានដ៏ជ្រាលជ្រៅបំផុត និងព្រះរាជទានពរបវរមហា ប្រសើរពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មកថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេច ព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងថ្វាយ-ជូនសម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ អ្នកម្នាង និងព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ប្រិយមិត្តបរទេស លោកតា លោកយាយ មាមីង បងប្អូន និងក្មួយៗជនរួមជាតិ ទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងមានសុភមង្គលគ្រប់ប្រការតរៀងទៅ។
ព្រះអង្គមានព្រះរាជបន្ទូលថា៖ «ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក។
ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ»។
ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានផ្តួចផ្តើមរៀបចំបង្កើតតំបន់ការពារធម្មជាតិនានា ទុកជាកេរមរតក និងលើកទឹកចិត្តកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ថែមទៀតថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើនរហូតទទួលបានការកោត សរសើរពីសហគមន៍អន្តរជាតិ និងមានលទ្ធភាពត្រៀមខ្លួនរួចជាស្រេចដើម្បីបន្សំនឹងផលប៉ះពាល់ ក៏ ដូចជាចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានព្រះរាជបន្ទូលបញ្ជាក់ថា៖ «ការរៀបចំព្រឹត្តិការណ៍ទិវាបរិស្ថានជាតិ ស្របពេលជាមួយនឹងទិវាបរិស្ថានពិភពលោក ៥ មិថុនា នាថ្ងៃនេះ គឺជាការជួបជុំគ្នាដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន ដែលរៀបចំឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា»៕
