
ភ្នំពេញ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានតែងតាំងលោក Mathew McConkey ជាគ្រូបង្គោលថ្មីក្រោយការចាកចេញរបស់លោក Pep ។
លោក Mathew សញ្ជាតិ អៀរឡង់ មានអាជ្ញាប័ណ្ណកម្រិត UEFA A Licence និងមានបទពិសោធជាច្រើនដែលលោកធ្លាប់បានធ្វើជាគ្រូជំនួយនៅព្រះខ័នរាជស្វាយរៀងរយៈពេល៤រដូវកាលរួចមកហើយ។ ដូច្នេះមានន័យថា លោកមានបទពិសោធ និងយល់ច្រើនពីស្ថានភាពបាល់ទាត់កម្ពុជា និងក្រុមការងារនៅក្លិបក៏ដូចជាកីឡាករ។
មុនពេលធ្វើជាគ្រូជំនួយក្លិបព្រះខ័នរាជស្វាយរៀងកាលពី៤ឆ្នាំមុន លោក Mattew McConkey ធ្លាប់បានធ្វើជាគ្រូបង្វឹកក្រុម 4 Corner Coaching ចន្លោះពីឆ្នាំ២០១៧ ដល់ ២០២១ ព្រមទាំងជាគ្រូបង្ហាត់នៅតំបន់របស់ក្លិប Swansea City Football Club ពីឆ្នាំ២០២០ ដល់ ២០២១៕
គួររំលឹកថា ជាការពិតមុនការចាកចេញរបស់លោក Pep បានធ្វើឲ្យក្លិប ក៏ដូចជាអ្នកគាំទ្រមានការសោកស្ដាយជាខ្លាំង ដ្បិតគេទទួលស្គាល់ពីសមត្ថភាព និងយុទ្ធសាស្ដ្រនៃការដឹកនាំក្រុមដ៏ខ្លាំងរបស់លោក រហូតឈ្នះជើងឯកលីគកំពូលកម្ពុជា ២សម័យជាប់គ្នា ហើយឈ្នះជើងឯក និងជើងឯករងពានសម្ដេចតេជោ ហ៊ុន សែន សម្រាប់ ២រដូវកាលចុងក្រោយទៀតផង។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺបុរសសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្សល់នូវកំណត់ត្រាប្រវត្តិសាស្ដ្រមួយសម្រាប់ក្លិប មុនចាកចេញ គឺការជួយស្វាយរៀង ទទួលបានជើងឯករង នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/25 កាលពីថ្មីៗ។
យ៉ាងណាក្រោយទទួលបានជោគជ័យជាច្រើន ក្នុងការដឹកនាំក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង ២រដូវកាលកន្លងមក លោកក៏សម្រេចចិត្តចាកចេញ ហើយក្លិបក៏គោរពតាមការសម្រេចចិត្តនេះផងដែរ ហើយក្លិបក៏ជ្រើសរើសបានគ្រូបង្វឹកថ្មីរួចរាល់ ដើម្បីបន្ដដឹកនាំក្រុមត្រៀមធ្វើការប្រកួត ទាំងក្នុង និងក្រៅប្រទេស សម្រាប់រដូវកាលថ្មី ខាងមុខ ដោយក្លិបនឹងធ្វើការប្រកាសជាផ្លូវការ នៅរសៀលថ្ងៃទី៣ ខែមិថុនានេះ។


