2025-06-02 13:47
32

ភ្នំពេញ៖ ក្រោយបញ្ចប់ការសាកសួរ និងស្តាប់ចម្លើយលើអ្នកកាសែតអនឡាញ ឈ្មោះ ហង្ស សំណាង និងបក្ខពួក ចំនួន ០២នាក់ទៀត ដែលបង្កើតមាតិការបែបកំផ្លុកកំប្លែងបែបញុះញង់បង្កឱ្យមានការរើសអើង បំបាក់ស្មារតីទឹកចិត្តកងទ័ព និងប្រើប្រាស់ឯកសណ្ឋានប្រហាក់ប្រហែលយោធា ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបសួរ ចំនួន ០៣បទល្មើស។

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នេះ មន្ត្រីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «ករណីអ្នកកាសែត ឈ្មោះ ហង្ស សំណាង និងបក្ខពួក២នាក់ទៀត ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យទាំង០៣នាក់ ឈ្មោះ ហង្ស សំណាង ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ កុញ វាសនា ហៅ ស្នា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ រស់ អែវ ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ ពីបទ៖ «ធ្វើឲ្យខូចទឹកចិត្តកងទ័ព» បទ៖ «ញុះញង់ឱ្យមានការរើសអើង» និងបទ៖ «ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា» តាមមាត្រា ៤៧២, មាត្រា ៤៩៤, មាត្រា ៤៩៦ និង មាត្រា ៦១៦ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនអ្នកកាសែតអនឡាញ ឈ្មោះ ហង្ស សំណាង និងបក្សពួក២នាក់ទៀត ពាក់ព័ន្ធការបង្កើតមាតិការបំពុលសង្គម នាំឱមានការប៉ះពាល់ស្មារតី និងបំបាក់ទឹកចិត្តកងទ័ពជួរមុខកំពុងឈរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណៈជម្លោះព្រំដែនកំពុងឡើងកំដៅប្រឈមមុខដាក់គ្នា បន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយប្រាវដោយសារកងទ័ពថៃ ឆ្មក់វាយប្រហារលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា បណ្តាលឱ្យយុទ្ធជនម្នាក់ បានពលីកម្មក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឺកដី។

បច្ចុប្បអ្នកកាសែតអនឡាញ និងបក្ខពួក ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ចំនួន ០៣បទល្មើស និងបញ្ជូនសំណុំរឿងទៅឱ្យចៅក្រមស៊ើបសួរ ដើម្បីមានចំណាត់ការបន្តតាមផ្លូវច្បាប់៕