
ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានស្នើឱ្យមានការចូលរួមពីសំណាក់វិស័យឯកជន បងប្អូនក្រុមអ្នកផលិតមាតិកាទេសចរណ៍កម្ពុជា ដើម្បីទទួលបាននូវធាតុចូលល្អៗ កាន់តែច្រើនបន្ថែមទៀត ដើម្បីដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរនៅក្នុង «រដូវកាលបៃតង Green Season» ឱ្យមានកំណើនបន្ថែមលើសពីការរំពឹងទុក។
ឯកឧត្តរដ្ឋមន្ត្រីបានលើកឡើងបែបនេះ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង «Green Season» មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងវិស័យទេសចរណ៍ដូចជា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ប្រធាន និងតំណាងសមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ប្រធានថ្នាក់ជាតិសមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា ឯកឧត្តមនាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍កម្ពុជា សរុបចំនួន ៦៨ នាក់ នៅទីស្តីការក្រសួងទេសចរណ៍។
ឯកឧត្តេរដ្ឋមន្ត្រីបានលើកឡើងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មហាគ្រួសារវិស័យទេសចរណ៍ កាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៥ បានគាំទ្រការដាក់ចេញនូវយុទ្ធនាការ «រដូវកាលបៃតង» (Green Season) ជំនួសឱ្យពាក្យ «រដូវកាលថយភ្ញៀវនារដូវវស្សា» ចាប់ពីខែមេសា ដល់ខែតុលា ដោយផ្តល់ជូនដល់អ្នកទេសចរនូវបទពិសោធ ទេសចរណ៍ដ៏សែនស្រស់ស្រាយ និងសម្រស់ដ៏ល្អឯករបស់ប្រទេសកម្ពុជានារដូវវស្សា ដែលទេសភាពពោរពេញដោយពណ៌បៃតង អាកាសធាតុត្រជាក់ និងបរិយាកាសដ៏ស្ងប់ស្ងាត់។
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសក្នុងរដូវកាលបៃតងនេះ ដែលបានចង្អុលបង្ហាញក្រសួងទេសចរណ៍ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន រៀបចំយន្តការអនុវត្តគំនិតផ្តួចផ្តើមនេះ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបជូនអង្គប្រជុំថា៖ «ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៥ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្ពុជា មានចំនួនជិត ២ លាននាក់ ពោលគឺកើនឡើងជាង ១៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ នេះសបញ្ជាក់ឱ្យឃើញអំពីសក្តានុពលទេសចរណ៍ និងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជម្រើសការស្នាក់នៅ ម្ហូបអាហារដ៏មានឱជារស ការកម្សាន្តដ៏សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍ ដែលជំរុញឱ្យភ្ញៀវទេសចរ ជ្រើសរើសអញ្ជើញមកទស្សនា និងកម្សាន្តនាពេលបច្ចុប្បន្ននេះ។
ដើម្បីពង្រឹងគុណភាពការធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងរដូវកាលបៃតង (Green Season) នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើវិស័យឯកជនត្រូវរួមគ្នាបញ្ចុះតម្លៃស្នាក់នៅតាមសណ្ឋាគារ និងម្ហូបអាហារ ការពង្រឹងបដិសណ្ឋារកិច្ចឱ្យល្អ និងកក់ក្តៅ ជាពិសេសត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តារាជធានីខេត្ត ដោយត្រូវរៀបចំជាលក្ខណៈយុទ្ធសាស្ត្រ និងប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណវប្បធម៌ខ្មែរ ជាពិសេសកិច្ចសហការឱ្យបានសកម្ម និងផុសផុលពីបណ្តាភាំគីពាក់ព័ន្ធទាំងអស់ ជាជវភាពនៃតួអង្គតែមួយ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវកំណើនភ្ញៀវទេសចរបន្ថែមទៀត នាឆ្នាំ២០២៥ នេះ៕

