2025-05-11 17:06
35

បន្ទាយមានជ័យ៖ ភ្លៀងធ្លាក់ខ្លាំង១មេធំជាង២ម៉ោង បងជាកូនជំនន់ទឹកភ្លៀងផ្លេកបន្ទោរនាំអោយលិចប្រជុំជនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជានិងផ្សាររោងក្លឿស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ ដែលចាប់ផ្តើមម្តុំម៉ោង១:៣០រសៀល ដល់ម្តុំម៉ោង៤ នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ។ តំណក់គ្រាប់ភ្លៀងបានបន្តមានរហូតដល់ម៉ោង៧យប់នៃថ្ងៃដដែល។

លោកញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់ថា ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នេះថា៖ ភ្លៀង១មេធំដូចគេហែកមេឃ ហើយស៊ីពេលច្រើនម៉ោងដូចខាងលើ បង្កអោយលិច១ផ្នែកធំនៃទីប្រជុំជនក្រុងប៉ោយប៉ែតដែលស្ថិតក្នុងភូមិសាស្រ្តសង្កាត់អូរជ្រៅ សង្កាត់ប៉ោយប៉ែត ជាមជ្ឈមណ្ឌលក្រុងនិង១ផ្នែកនៃសង្កាត់ផ្សារកណ្តាល។

តាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវតូចធំផ្សេងទៀត ទីធ្លាសាធារណ: ទីធ្លាឯកជន ទីធ្លាសាធារន: មជ្ឈមណ្ឌល់អាជីវកម្ម សេវាកម្ម លំនៅដ្ឋានពលរដ្ឋ ភាគច្រើនត្រូវលិច ទោះយ៉ាង វាមិនបង្កដល់ថ្នាក់លង់ទេ។

លោកបន្តថា លើផ្លូវជាតិលេខ៥ ម្តុំមុខបូរីដឹ ផាកស៊ីធី (The Park City Building ) នាសង្កាត់ប៉ោយប៉ែតនិងផ្សារកណ្តាលបានស្ទះចរាចរណ៍ខ្លាំងដោយសារតែលិចផ្លូវនិងតំបន់ជំវិញ ត្បិតអីមុខទឹកបុកចូលមក ហើយប្រព័ន្ធលូនិងប្រឡាយរំដោះទឹកបានស្ទះដោយសារការចោលកាកសំណល់រឹងមិនទាន់បានម្អាតជាមុននារដូវប្រាំង។ កត្តាចម្បង១ទៀត គឺកម្រឹតទឹកធ្លាក់ខ្លាំងពេក ដែលប្រព័ន្ធបង្ហូរ មិនអាចរំដោះទឹកបានភ្លាមៗឡើយ ។

លោក ញឹម ផឿង ដដែល មកទល់ម៉ោងជាង ៨ព្រឹក ថ្ងៃទី១១ឧសភានេះ ទឹកស្រកបានប្រមាណ៨០ភាគរយហើយ។ ជាការអំណោយផល គឺមកពីភ្លៀងបានរាំង ហើយមន្ត្រីអាជ្ញាធរដែនដី កងកម្លាំង ផ្នែកឯកជនបានអន្តរាគមន៍ជាពិសេស បងប្អូនពលរដ្ឋបានចូលរួមសម្អាតសំណល់រឹងនៅមុខលូនិងមុខរីហ្គា។

លោកបន្តថា ជំនន់ទឹកភ្លៀងផ្លេកបន្ទោរផលលប៉ះពាល់ខ្លាំងលើម៉ូតូដែលឆ្លងកាតផ្លូវថ្នល់ដែលមានទឹកលិច ហើយនាព្រឹកថ្ងៃទី១១ខែឧសភានេះ នៅតាមជាងម៉ូតូ កំពុងមមាញឹកទទួលសម្អាតទឹកពីម៉ូតូដែលកកកុញនិងជួសជុលប្រព័ន្ធភ្លើង។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងដែរថា៖ មានភ្លៀង​​​ លាយលាយឡំនឹងខ្យល់រយៈពេលជាង៤ម៉ោងពីរសៀលដល់ព្រលប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២៥ ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចស្ទើរគ្រប់ផ្លូវ និងទឹកហូរចូលផ្ទះប្រជាពលរដ្ឋមួយចំនួនក្នុងទីប្រជុំជន ត្រឹមយប់ថ្ងៃដដែលភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតតិចល្មម ប៉ុន្តែ បន្ទាប់មក ជំនន់ទឹកភ្លៀងតាមផ្លូវមួយចំនួនក៏បានហូរស្រកបណ្តើរៗហើយ  ក្រុមការងារចម្រុះមានមន្ត្រីអាជ្ញាធរដែនដី កងកម្លាំងនគរបាល អាវុធហត្ថ កងទ័ពនិងផ្នែកឯកជនក៏បានចុះសម្របសម្រួលចរាចរណ៍តាមផ្លូវ និងជួយរៀបចំសម្ភារៈរបស់បងប្អូនមួយចំនួនដែលមានទឹកហូរចូលផ្ទះផងដែរ។

ទន្ទឹមនឹងនោះ លោកគាត ហ៊ុល បា ណែនាំថា សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះចរន្តអគ្គីសនី និងសត្វអសិរពិសជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ។

ប្រភពមន្ត្រីអាជ្ញាធរដែនដី បានប្រាប់ថា ភ្លៀងធ្លាក់១មេធំនោះ ក៏កើតឡើងលើភូមិសាស្ត្របណ្តោយព្រំដែនកម្ពុជា ថៃ ក្នុងនោះក៏លិចក្រុមផ្សាររោងក្លឿនាឃុំខ្លងលឹកស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ នៅទល់មុខក្រុងប៉ោយប៉ែតផងដែរ។ ទោះយ៉ាងណា មកទល់ពេលនេះ ក្នុងគ្រោះធម្មជាតិនេះមិនមានព័ត៌មានពីមនុស្ស សត្វរងគ្រោះរបួសឬស្លាប់នោះទេ។ 

អាជ្ញាធរ និងជំនាញមូលដ្ឋានថ្នាក់ក្រោមជាតិ អាចនឹងសុំអន្តរាគមន៍ដល់ថ្នាក់លើ អោយជួយបង្ការដោះស្រាយប្រព័ន្ធលូបង្ហូររំដោះទឹកនិងប្រឡាយនៃបញ្ហាទឹកជំនន់និងទឹកភ្លៀងលិចប្រជុំជនក្រុងប៉ោយប៉ែតនេះបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុងប៉ោយប៉ែត ស្ថិតក្នុងគម្រោងទីក្រុងគួរអោយចងរស់នៅ ហើយមានមនុស្សរស់នៅអចិន្ត្រៃយ៍ជាង១០ម៉ឺននាក់និងកើនឡើងសំណង់ផ្ទះ អគារខ្ពស់ៗ រាប់រយពាន់៕