2025-05-11 11:49
49

ពោធិ៍សាត់៖ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ Leader Energy Group Berhad (Leader Energy) និង River Ocean Cleanup (ROC) បានពង្រីកបេសកកម្មសំអាតទន្លេកម្ពុជារយៈពេល៥ឆ្នាំ ជាផ្លូវការទៅកាន់ខេត្តពោធិ៍សាត់ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាបំពុលប្លាស្ទិក និងការពារប្រភពទឹកសំខាន់ៗរបស់ប្រទេសកម្ពុជា ជាពិសេសបឹងទន្លេសាប។

កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង Leader Energy និង ROC ដែលបានចាប់ផ្តើមនៅចុងឆ្នាំ២០២៣ តំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការការពារឲ្យមាននិរន្តរភាពប្រព័ន្ធអេកូឡូស៊ីនៃប្រភពទឹកដ៏សំខាន់របស់កម្ពុជា។ គំនិតផ្តួចផ្តើមរួមគ្នានេះគ្រោងនឹងដំណើរការរហូតដល់ឆ្នាំ២០២៨ ហើយរួមបញ្ចូលផែនការដ៏ទូលំទូលាយមួយ ដែលរួមមានប្រតិបត្តិការសំអាត ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងកម្មវិធីអប់រំដែលផ្តោតលើសហគមន៍មូលដ្ឋាន។

បឹងទន្លេសាប ដែលជាបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាតំបន់ជីវៈបម្រុងមណ្ឌលរបស់អង្គការយូណេស្កូ គឺជាខ្សែជីវិតសម្រាប់មនុស្សរាប់លាននាក់។ គាំទ្រដល់សន្តិសុខស្បៀង ជីវៈចម្រុះនិងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយងទន្លេសាបកំពុងទទួលរងការគំរាមកំហែងកាន់តែខ្លាំងឡើងដោយការបំពុលពីសំណល់ប្លាស្ទិក និងឧស្សាហកម្ម។ គំនិតផ្តួចផ្តើមនេះគូសបញ្ជាក់ពីតម្រូវការបន្ទាន់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ីនេះមិនត្រឹមតែសម្រាប់ជីវភាពរស់នៅបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ Leader Energy ដែលដំណើរការជាអ្នកផលិតថាមពលកកើតឡើងវិញដោយឯករាជ្យ (IPP) ប្រកាន់ខ្ជាប់នូវគោលការណ៍ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ចល្អ) នៅក្នុងអាជីវកម្មរបស់ខ្លួន។

ការប្តេជ្ញាចិត្តនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូជាមួយ ROC ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ យើងបានផ្តួចផ្តើមបេសកកម្មនេះនៅរាជធានីភ្នំពេញ កណ្តាល កំពង់ចាម ក្រចេះ សៀមរាម ខេត្តពោធិ៍សាត់ និងខេត្តផ្សេងៗទៀត។

ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ សំណល់ប្លាស្ទិកជាង ២៦៩ តោន ត្រូវបានប្រមូលចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ក្នុងរាជធានីភ្នំពេញ កណ្តាល សៀមរាប និង ១០ តោនដែលប្រមូលបានពីភូមិបណ្តែតទឹក ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លទ្ធផលដ៏ត្រចះត្រចង់នេះ សម្រេចទៅបានដោយសារប្រើប្រាស់ទូកកំចាត់សំរាម ការលះបង់ខ្ពស់របស់ភ្នាក់ងារកំចាត់សំរាមក្នុងមូលដ្ឋានជាប់ទន្លេ និងការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការចូលរួមពីសហគមន៍ផ្ទាល់។សមិទ្ធិផលនេះបានបន្ថែម លើបរិមាណសំណល់ប្លាស្ទិកជាង ២,១៤២ តោនដែលអង្គការសំអាតទន្លេ សមុទ្រ ROC បានប្រមូលចេញពីទន្លេរហូតមកដល់ពេលបច្ចុប្បន្នជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ នៃបេសកកម្មរួមគ្នា របស់យើង។ ទាំងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ចក្ខុវិស័យរបស់យើងគឺមានលក្ខណៈទូលំទូលាយ និង ច្បាស់លាស់គឺ សំដៅធ្វើយ៉ាងឲ្យបឹងទន្លេសាបគ្មានការបំពុលដោយប្លាស្ទិក ប្រព័ន្ធអេកូឡូស៊ីរីកចម្រើន និង សហគមន៍រីកចម្រើន។ លទ្ធផលដំបូងទាំងនេះមិនត្រឹមតែបង្ហាញពី អទិភាពក្នុងការឆ្លើយតបលើ វិបត្តិប្លាស្ទិ កប៉ុណ្ណោះ ទេប៉ុន្តែវាក៏ជាថាមពលផ្លាស់ប្តូរនៃសកម្មភាពរួមក្នុងការស្តារនិងការពារប្រភពទឹកដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជាផង ដែរ។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «បេសកកម្មនេះ ស្របតាមយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ស្អាត បៃតង និងនិរន្តរភាព ហើយរួមចំណែកដល់ យុទ្ធនាការទឹកស្អាត កាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ។ 

លោក អេង សូភាណា អភិបាលរងខេត្តពោធិ៍សាត់ នៅក្នុងកម្មវិធីនេះ បានរំលឹកដោដកស្រង់ប្រសាសន៍ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បើមានសំរាមគឺ អត់អភិបាលស្រុក បើមានអភិបាលស្រុកគឺ អត់សំរាម មានសំរាមគឺអត់មេឃុំ មានមេឃុំគឺអត់សំរាម។

លោក Ronnie Koo នាយកប្រតិបត្តិនៃក្រុមហ៊ុន Leader Energy បានបន្ថែមថា "កម្មវិធីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ Leader Energy ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព លើសពីអាជីវកម្មស្នូលរបស់យើង។ ខណៈពេលដែលយើងធ្វើការដើម្បីផ្តល់ថាមពលស្អាត និងអាចទុកចិត្តបានយើងក៏ទទួលស្គាល់ការទទួលខុសត្រូវក្នុងការអភិរក្សប្រព័ន្ធអេកូធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ គំនិតផ្តួចផ្តើមបែបនេះគឺជាផ្នែកមួយនៃដំណើរក្រុមហ៊ុនរបស់យើងឆ្ពោះទៅរកការលើកកម្ពស់ ការគាំទ្រដល់សហគមន៍ ដែលរស់នៅជិតបំផុតជាមួយធនធានធម្មជាតិសំខាន់ៗទាំងនេះ ជាពិសេសប្រព័ន្ធអេកូឡូស៊ីទន្លេសាប។លោក សុវណ្ណ នូ នាយកប្រតិបត្តិនៃអង្គការ River Ocean Cleanup មានប្រសាសន៍ថា «យើងអាចសំអាតសំណល់ប្លាស្ទិកទាំងអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលពី ៥ ទៅ ៦ ឆ្នាំ។ប៉ុន្តែដើម្បីរក្សាទឹកទន្លេឱ្យមានអនាម័យល្អ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់ ការអប់រំ និងការពង្រឹង អនុវត្តន៍ច្បាប់ គឺជាអាទិភាពសំខាន់។ ទន្លេគឺជាសរសៃឈាមនៃប្រព័ន្ធអេកូឡូស៊ីរបស់យើង ដែលមានសារៈសំខាន់សម្រាប់ជីវៈចម្រុះ កសិកម្ម និងជីវិតមនុស្ស»

សំណល់ប្លាស្ទិកដែលប្រមូលបានទាំងអស់កំពុងត្រូវបានដំណើរការប្រកបដោយការទទួលខុសត្រូវតាមរយៈការកែច្នៃបំ លែងទៅជាថាមពលក្នុងស្រុក ដោយធានាបាននូវបរិស្ថានល្អ។ ឆ្ពោះទៅមុខ ភាពជាដៃគូនឹងពង្រីកកិច្ចខិតខំប្រឹងប្រែងអប់រំរបស់ខ្លួន ពង្រីកការសិក្សាស្រាវជ្រាវ និងប្រមូលផ្តុំអ្នកស្ម័គ្រចិត្តកាន់តែច្រើនតាមរយៈកម្មវិធីសាលារៀន និងសហគមន៍។ បេសកកម្មនេះបង្ហាញពីការសហការ ឆ្ពោះទៅប្រទេសកម្ពុជាឲ្យសោភ័ណភាពកាន់តែប្រសើរ ប្រកបដោយផាសុខភាពល្អ នាំមកនូវយសហគមន៍រីកចម្រើនដោយសុខដុមរមនាជាមួយធម្មជាតិ និងជាកន្លែងដែលប្រព័ន្ធអេកូឡូស៊ី ពិសេសបឹងទន្លេសាបត្រូវបានថែរក្សាសម្រាប់មនុស្សជំនាន់ក្រោយ៕