2025-05-08 12:05
19

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក SHENG DAZHI ប្រធានការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នៅក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ប្រធានការិយាល័យអនុព័ន្ធយោធាចិន បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ មេបញ្ជាការ ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសមនាពេលនេះ ព្រមទាំងបានលើកបង្ហាញពីចំណងទាក់ទងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរដែលមានជាយូរលង់ណាស់មកហើយ។

វរសេនីយ៍ឯកបញ្ជាក់ថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍មេបញ្ជាការ លោកនឹងខិតខំអស់ពីលទ្ធភាព ដើម្បីបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះវរសេនីយ៍ឯក ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ហើយតាមរយៈបេសកកម្មនេះកងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកចំណងទាក់ទងមិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតថែមទៀត ចំណងមិត្តភាពជាប្រពៃណី កម្ពុជា-ចិន ត្រូវបានពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបមិនអាចបំបែកបាន។

លើកិច្ចសហការរវាងកងទ័ពប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នតែងបានឧបត្ថម្ភគាំទ្រធំធេងដល់កងរាជអាវុធហត្ថ ពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងជាពិសេស «សមយុទ្ធនាគមាស-២០២៥» រវាងកងទ័ពកម្ពុជា.ចិន ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»៕