
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ
នស/រកត/០៣២៥/៣៧៥ ត្រាស់បង្គាប ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់ផ្ទៃដីទំហំជាង ២២៦ ហិកតា ពីការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពីភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ប្រគល់ឱ្យរដ្ឋបាលខេត្តកណ្តាលគ្រប់គ្រងវិញ។
យោងតាមព្រះរាជក្រឹត្យបានបញ្ជាក់ថា៖ «ត្រូវបានកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកផ្ទៃដីទំហំ ២២៦ ហិកតា ១ ៩៤០ ម៉ែត្រការ៉េ (ដីគោកទំហំ ១៨១ ហិកតា ៥ ០១៤ម៉ែត្រការ៉េ និងផ្ទៃទឹកទំហំ ៤៤ ហិកតា ៦ ៩២៦ម៉ែត្រការ៉េ) ពីភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល»។
ផ្អែកតាមការកែសម្រួលនេះ ព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានកំណត់ ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃព្រះរាជក្រឹត្យនេះ៕


