
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសន្ទនាតាមទូរសព្ទ ជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «ខ្ញុំបានសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់ របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) របស់ឯកឧត្តម ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «លទ្ធផលនៃការបោះឆ្នោតនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋអូស្ត្រាលី មានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ឯកឧត្តម Anthony Albeneses និងបន្តគាំទ្រឯកឧត្តមធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរដ្ឋាភិបាល កសាងសមិទ្ធផលបន្ថែមទៀតជូនប្រជាពលរដ្ឋអូស្ត្រាលី»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរបញ្ជាក់ថា៖ «ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម ប្រទេសយើងទាំងពីរ និងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនកម្ពុជានិងអូស្ត្រាលី»៕


