2025-05-06 13:34
18

ហ្សាការតា៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់អំពីជម្រើស ៤យ៉ាង នៅក្នុងពេលដែលប្រទេសកម្ពុជា មានរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងការរំដោះប្រទេសចេញពីរបបដ៏ខ្មៅងងឹតនោះ។  ជម្រើសទាំង៤នោះ គឺ៖ ទី១- ប្រើកងទ័ពដែលនៅក្រោមបញ្ជាររបស់សម្ដេច ជាង ២ ០០០នាក់ ដើម្បីវាយកាន់កាប់តំបន់មួយចំនួន។ ២- ដកខ្លួនចេញទៅប្រទេសវៀតណាម ដើម្បីស្នើឱ្យជួយរំដោះប្រទេស។ ៣- មិនធ្វើអ្វីទាំងអស់ ទុកឱ្យពួកខ្មែរក្រហមចាប់យកទៅសម្លាប់ និងជម្រើសទី៤ គឺធ្វើអត្ដឃាតខ្លួនឯងតែម្ដង។

ក្នុងឱកាសថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្ដីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» ពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជម្រើសទាំងបួនថា ទី១៖ «ប្រសិនបើសម្ដេចប្រើកងទ័ពដែលនៅក្រោមបញ្ជាររបស់សម្ដេច ជាង ២ ០០០នាក់ ដើម្បីវាយកាន់កាប់តំបន់មួយចំនួន គឺជាជម្រើសគ្រោះថ្នាក់បំផុត ព្រោះថាកងទ័ពជាង ២ ០០០នាក់ ទៅជល់ជាមួយកងទ័ព ប៉ុល ពត ១៨ ម៉ឺននាក់ ប៉ុន្ដែជម្រើសនេះ ក្នុងកាលៈទេសៈដំបូង យើងអាចវាយកាន់កាប់តំបន់មួយចំនួន និងស្រុកមួយចំនួន។ សម្ដេចបញ្ជាក់ថា ជម្រើសនេះ បន្ទាប់ទៅយើងនឹងធ្លាក់ទៅក្នុងថ្លុកឈាមនៃការបង្រ្កាបរបស់ពួក ប៉ុល ពត»។

ជម្រើសទី២ សម្ដេចតេជោ បានបន្ដថា៖ «ការដកខ្លួនចេញទៅប្រទេសវៀតណាម ដើម្បីស្នើឱ្យជួយរំដោះប្រទេស។ ជម្រើសនេះ មិនមែនជាជម្រើសថ្មីរបស់កម្ពុជានោះទេ សម្ដេចព្រះនរោត្ដម សីហនុ ក្រោយរដ្ឋប្រហារទម្លាក់ព្រះអង្គពីសំណាក់ លន់ នល់ សម្ដេចក៏បានទៅពឹងវៀតណាមចូលទៅជួយនៅឆ្នាំ១៩៧០ ដល់១៩៧៥ ផងដែរ ដែលនេះមិនមែនជាជម្រើសអាក្រក់នោះទេ»។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា៖ «ជម្រើសទី៣ គឺមិនធ្វើអ្វីទាំងអស់ ទុកឱ្យពួកខ្មែរចាប់យកទៅសម្លាប់ និងជម្រើសទី៤ គឺធ្វើអត្ដឃាតខ្លួនឯងតែម្ដង។ ដែលជម្រើសចុងក្រោយនេះ មិនមែនជាជម្រើសល្អនោះទេ»៕