2025-05-06 08:54
6

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោល និងនាយកសាលារៀនគោលដៅ (លើកទី២) ដែលត្រូវបានរៀបចំឡើង ដើម្បីជាមូលដ្ឋាន និងជាការតម្រង់ទិសសម្រាប់ការចុះជួយគាំទ្រដល់សាលាបឋមសិក្សាគោលដៅនៅតាមបណ្តារាជធានី ខេត្ត ក្នុងគោលដៅជំរុញ និងលើកកម្ពស់អភិបាលកិច្ចសាលារៀន  រួមទាំងការកែប្រែលើឥរិយាបថ និងប្រតិបត្តិការរបស់សាលារៀនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងជាគំរូល្អសម្រាប់សាលារៀនដទៃទៀត  ឆ្ពោះទៅកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សទាំងចំណេះសម្បទា បំណិនសម្បទា និងចរិយាសម្បទា ជាពិសេសស្របតាមវិធានការគន្លឹះដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា។
គិតត្រឹមឆ្នាំសិក្សា ២០២៤-២០២៥ លេខាធិការដ្ឋាន គ.វ.អ. បានជ្រើសរើសសាលាបឋមសិក្សាគោលដៅសរុប ១៦១សាលា និងគ្រូបង្គោលសរុប ៦២រូប នៅទូទាំងប្រទេស ដើម្បីពង្រីកវិសាលភាពនៃការអនុវត្ត តាមរយៈ “វិធីសាស្ត្រផ្ការីក” បន្ទាប់ពីមើលឃើញអំពី វឌ្ឍនភាពជាវិជ្ជមាន ការចូលរួម និងការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតា សហគមន៍។ ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងដើម្បីបង្កើនចំណេះដឹង និងពង្រឹងការអនុវត្តវិធានការគន្លឹះនៅតាមសាលារៀនគោលដៅ គ.វ.អ. វគ្គបណ្តុះបណ្តាលគ្រូបង្គោល និងនាយកសាលារៀនគោលដៅ នឹងផ្តោតលើមូលដ្ឋានគ្រឹះនៃបច្ចេកទេស និងវិធីសាស្ត្រសម្រាប់ការចុះជួយគាំទ្រសាលារៀនគោលដៅ ដូចជា៖ 
១. វិធីសាស្តក្នុងការរៀបចំកាលវិភាគក្រៅម៉ោងសិក្សា 
២. ការពង្រឹងការអនុវត្តវិធានការគន្លឹះទាំង៤
៣. ការពង្រឹងអភិបាលកិច្ចសាលារៀន
៤. ការលើកកម្ពស់សុខភាព និងអនាម័យសិស្ស
៥. វេទិកាពិភាក្សាស្តីពី «ការជំរុញកៀរគរការចូលរួមរបស់សហគមន៍ និងការប្រើប្រាស់ធនធានដែលទទួលបានប្រកបដោយប្រសិទ្ធភាព» និង 
៦. ការរៀបចំផែនការសកម្មភាពសាលារៀន។
អ្នកជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកជំនាញតាមផ្នែករបស់លេខាធិការដ្ឋាន គវអ. បានសហការគ្នាធ្វើបទឧទ្ទេសនាមតាមប្រធានបទ ដែលបានបញ្ជាក់អំពីកិច្ចសហការ និងការផ្តល់ការគាំទ្រតាមបែបសុខុដុមនីយកម្ម នៅក្នុងការអនុវត្តវិធានការគន្លឹះ គវអ. ឱ្យទទួលបានជោគជ័យ ស្របតាមចក្ខុវិស័យវែងឆ្ងាយ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី៕