2025-05-03 13:20
50

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ «វឌ្ឍនភាពការងារ និងការត្រៀមសម្រាប់ការចរ​ចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នឹងប្រព្រឹត្តទៅដោយផ្ទាល់នៅថ្ងៃទី១៤​-១៥ ខែឧសភា ឆ្នាំ២០២៥ នា រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក»

នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ 

កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីវ៉ាស៊ីនតោន។ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទម្លាក់ពន្ធបដិការត្រឹម ១០ ភាគរយ សម្រាប់ប្រទេសទាំងអស់ដែលបានស្នើចរចា។ ក្នុងនោះ កម្ពុជា ក៏ត្រូវបានទម្លាក់ពី ៤៩ភាគរយ ដល់ត្រឹម ១០ភាគរយផងដែរ ក្នុងរយៈពេល៩០ថ្ងៃ។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានដាក់សំណើបើកការចរចាស្វែងរកដំណោះស្រាយរួមជាមួយភាគីអាមេរិកទទួលបានចម្លើយវិជ្ជមាន ក្រោយពីលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលិខិតរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី០៤ ខែមេសា បានបង្ហាញឆន្ទៈក្នុងការចរចារកដំណោះស្រាយ និងបញ្ចុះអត្រាពន្ធ៕