2025-05-03 10:54
72

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាជាតិកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការរបស់សម្តេចថា៖ «បញ្ហាគ្រួសារ និងការងារ ពិបាកបែងចែកពីគ្នាណាស់។គិតតែពីគ្រួសារចោលការងារក៏មិនបាន។ គិតតែពីការងារចោលគ្រួសារក៏មិនបាន»។ 

សម្តេចតេជោបានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំពេលនេះ ថ្ងៃទី៣ និងទី៤ ខែឧសភា ជាខួប៥ឆ្នាំនៃមរណភាពម្តាយក្មេកក្នុងពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។ ចំណែកថ្ងៃទី៤ និងទី៥ ខែឧសភា ខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២។ ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរតែជាអកុសលខ្ញុំមិនអាចនៅបុណ្យឆ្លង នាព្រឹកថ្ងៃ៥ឧសភាសម្រាប់បងប្រុសបានទេ ព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេស៊ី នៅម៉ោង៧ព្រឹក ដើម្បីជួបប្រធានាធិបតីឥណ្ឌូនេស៊ី នៅម៉ោង១១ថ្ងៃត្រង់(ក្នុងករណីគ្មានការកែប្រែ)»

សម្តេចតេជោ ហ៊ុន សែន បានសរសេរបន្ថែមថា៖ «នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ទស្សនកិច្ចនិងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន នាល្ងាចថ្ងៃ៥ឧសភា។ តាមការគ្រោងទុកខ្ញុំនិងធ្វើបាឋកថាមួយទៀតនៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូពា៏ នាទីក្រុងហ្សាកាតា នាព្រឹកថ្ងៃ៦ឧសភា។ នាថ្ងៃត្រង់៧ឧសភា ខ្ញុំនឹងធ្វើដំណើរទៅកាន់ទីម័រឡេស្ត ដើម្បីទស្សនកិច្ចផ្លូវការ រហូតល្ងាចថ្ងៃ៩ឧសភា២០២៥ទើបមកដល់កម្ពុជាវិញ»

សម្តេចតេជោបានបន្ថែមថា៖ «ថ្ងៃ១០ឧសភាមិនទាន់បានសម្រាកវាយកូនគោលទេ ព្រោះរឿងគ្រួសារបានមកដល់ទៀតហើយនោះ គឺចូលរួមកាត់សក់ ចងដៃឲ្យចៅស្រីដែលជាកូនរបស់ក្មួយស្រីបង្កើតដែលកូនរបស់បងប្រុសរបស់ភរិយាខ្ញុំដែលត្រូវរៀបការដែលខ្ញុំត្រូវចូលរួមទាំងព្រឹកទាំងល្ងាចដោយខានមិនបាន។ ត្រង់នេះហើយដែលខ្ញុំលើកពីខាងលើថាពិបាកបែងចែករវាងការងារ និងបញ្ហាគ្រួសារ»