2025-05-03 11:22
24

ភ្នំពេញ៖ ក្រុមដៃស្អិតជំនាញឆក់ទូរសព្ទ និងកាបូបអ្នកដំណើរ ចំនួន ០៤នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិ ធ្វើការបង្ហាញមុខបន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវឈានដល់បង្ក្រាបជាបន្តបន្ទាប់។ 

នគរបាលបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨និង៤០នាទី នៅចំណុច មុខអាផាតមិនផាមហោស៍​ ស្ថិតតាមបណ្តោយផ្លូវ​៦៣ ​ភូមិ៨ ​សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ មានជនសង្ស័យ ចំនួន ០៣នាក់ ភេទប្រុស ជិះម៉ូតូ ០១គ្រឿង ម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LJ-0371 បានធ្វើសកម្មភាពឆក់កាបូបបានសម្រេចពីជនរងគ្រោះឈ្មោះ​ EMMA BOOCK JENSEN ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិដាណាម៉ាក រួចគេចខ្លួនបាត់ស្រមោល។

នគរបាលព្រហ្មទណ្ឌបានឱ្យដឹងទៀតថា ចំពោះសម្ភារៈបាត់បង់រួមមាន៖ លិខិត​ឆ្លងដែន ​០១ក្បាល, ទូរសព្ទ ​០១គ្រឿង​ ម៉ាក ​IPHONE 15 PRO ពណ៌​ស, លុយខ្មែរចំនួនប្រហែល ៣០មឺនរៀល, លុយដុល្លារប្រហែល​ ៨០ដុល្លារ​អាមេរិក​ និងកាតធនាគារ Darsk Bank ០១សន្លឹក។ 

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ឆាន់ គីមលី និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌច្បារអំពៅ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។

លុះនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង​ ២១និង៤០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៤នាក់រួមមាន៖ ទី១.​ ឈ្មោះ ផុន សិលា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ , ទី២. ឈ្មោះ វ័ន្ត ឌីណា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ, ទី៣. ឈ្មោះ ពង្ស ផែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ និង ទី៤.​ ឈ្មោះ រុំ ម៉ៃ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពដូចគ្នាថា «កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូស្កុបពីពណ៌ខ្មៅឆក់កាបូបនារីរងគ្រោះជនជាតិបរទេសពិតប្រាកដមែន។ ប៉ុន្តែវត្ថុតាងពួកខ្លួនបានយកទៅបោះចោលអស់ហើយ»

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងកសាងសំណុំរឿងតាមនីតិវិធីបន្ត៕