
ខេត្តកំពង់ចាម៖ ដោយទទួលបានការណែនាំ ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល ព្រមទាំងទទួលបានការចង្អុល បង្ហាញពីឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជ បណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិ ការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៃមណ្ឌលសុខភាពចំនួន១៥ នៃស្រុកប្រតិបត្តិ បាធាយនិងស្រុកជើងព្រៃ ក្នុងខេត្តកំពង់ចាម ក្នុងជំហានទី២។
ការចុះបេសកកម្មនេះ មានគោលបំណងសំខាន់ ដើម្បីជួយជំរុញការធ្វើអោយប្រសើរឡើងការផ្តល់សេវា សុខាភិបាល គ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព សំណុំសកម្មភាពអប្បបរមា សម្រាប់ អភិវឌ្ឍមណ្ឌលសុខភាព។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំនិងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌ដោយផ្តោតសំខាន់លើចំណុចសំខាន់ៗរួមមានទី ១-ហេដ្ឋា រចនាសម្ព័ន្ធសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព ២-ធនធានមនុស្សវិស័យសុខា ភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស ៣-ការគ្រប់គ្រងការចែក ចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការ គ្រប់គ្រងឱសថ៤-លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ៥-ការបំពេញការងារ ប្រចាំការ និងបម្រើ សេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍៦-ការលើកកម្ពស់គុណភាព សុវត្ថិភាព អ្នកជំងឺពិសេស មធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង៧-ការបដិសណ្ឋារកិច្ចក្នុង ការផ្តល់ សេវាថែទាំ ដល់អ្នកជំងឺ ៨-រៀបចំផែនការសកម្មភាព ដោយពិនិត្យ ទៅលើវឌ្ឍនភាពការងារ៩ជំរុញលើក កម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធានាបានសន្តិសុខសុវត្ថិភាព ១០-ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល។
បន្ថែមពីនេះទៀត ឯកឧត្តមសាស្ត្រាចារ្យអនុរដ្ឋលេខាធិការ ក៏បានសំណូមពរដល់ក្រុមប្រឹក្សាឃុំ ជួយជំរុញពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា សម្រួលក្នុងការមកទទួលសេវាថែទាំសុខភាព និងសូមគាំទ្រដល់វិស័យសុខាភិបាលក្នុងការអនុវត្ត សកម្មភាពឱ្យបានស្របតាមគោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋា ភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ជាចុងក្រោយឯកឧត្តមក៏បានពាំនាំនូវការផ្តាំផើ្ញ សួរសុខទុក្ខពី ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តី សុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន។
ក្នុងការចុះពិនិត្យនោះដែរ ក៏មានការចូលរួមសម្របសម្រួលពីឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តកំពង់ចាម និងអនុប្រធានមន្ទីរសុខាភិបាល ប្រធាន ការិយាល័យស្រុកប្រតិបត្តិទាំង២ និងមានការចូលរួមសហការ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចុះទៅមណ្ឌលសុខភាព ចំនួន១៥ រួមមាន (១)មណ្ឌលសុខភាព សំបូរ (២)មណ្ឌលសុខភាព ច្បារអំពៅ (៣)មណ្ឌលសុខភាព ជើងឆ្នុក (៤)មណ្ឌលសុខភាព ជាលា (៥)មណ្ឌលសុខភាព បាធាយ (៦)មណ្ឌលសុខភាព មេព្រីង (៧)មណ្ឌលសុខភាព តំាងក្រសំាង (៨)មណ្ឌលសុខភាព ជើងព្រៃ (៩)មណ្ឌលសុខភាព ផ្អាវ (១០)មណ្ឌលសុខភាព សណ្តែក (១១)មណ្ឌលសុខភាព ទំនប់ (១២)មណ្ឌលសុខភាព ត្រប់ (១៣)មណ្ឌលសុខភាពស្គន់ (១៤)មណ្ឌលសុខភាព ដូនដុំ (១៥)មណ្ឌលសុខភាព ខ្នុរដំបង។
