2025-02-28 01:18
100

នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយលោក Hendrik Gezienus MULDER នាយកប្រតិបត្តិធនាគារស្ថាបនា និងសហការី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


នាឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះធនាគារស្ថាបនា ដែលបង្ហាញពីបំណងសិក្សានិងពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកសិកម្មត្រូវការដៃគូអភិវឌ្ឍន៍ វិស័យធនាគារ និងភាគីពាក់ព័ន្ធ ចូលរួមក្នុងវិស័យកសិកម្ម ផ្តល់ការជឿទុកចិត្តជាមួយគ្នា សំដៅជួយប្រជាកសិករបង្កើនប្រាក់ចំនេញ ទទួលបានការវិនិយោគ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។


បើតាមឯកឧត្តមរដ្ឋមន្ត្រី ការផ្តល់កម្ចីការប្រាក់ទាបដល់សហគមន៍កសិកម្មទំនើប ក៏ជាតម្រូវការសំខាន់ ដើម្បីគាំទ្រដល់ការរៀបចំផែនការផលិតកម្មច្បាស់លាស់ កាត់បន្ថយថ្លៃដើមផលិត និងការចំណាយមិនចាំបាច់ មានកិច្ចសន្យាផលិតកម្ម និងមានទីផ្សារពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងក្ដីសោមនស្ស ដែលធនាគារស្ថាបនា ឯកភាពសហការជាមួយក្រសួងកសិកម្ម តាមរយៈការឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនាពេលដ៏ឆាប់ខាងមុខ៕