
ករណីធ្លាក់យន្តហោះយោធាស៊ូដង់ នៅទីក្រុង Omdurman មានមនុស្សស្លាប់យ៉ាងហោចណាស់ 46 នាក់ រួមទាំងស្ត្រី និងកុមារផងដែរ នេះជាការធ្លាក់យន្តហោះដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសអាហ្វ្រិកភាគឦសាន ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ នេះបើតាមការបញ្ជាក់របស់មន្ត្រីបាននិយាយកាលពីថ្ងៃពុធនេះ។
យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ខាតទូន ( Khartoum ) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានឱ្យដឹងថា យន្តហោះប្រភេទ Antonov បានធ្លាក់កាលពីថ្ងៃអង្គារ ជាទីប្រជុំជនដែលមានប្រជាជនរស់ច្រើនកុះករ ស្ថិតនៅក្នុងស្រុក Omdurman ហើយមនុស្សយ៉ាងហោចណាស់ 10 នាក់បានរងរបួសក្នុងករណីធ្លាក់យន្តហោះនេះផងដែរ និងចំនួនអ្នកស្លាប់ដំបូងចំនួន 19 នាក់ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបានធ្លាក់ខណៈពេលកំពុងហោះចេញពីមូលដ្ឋានទ័ពអាកាស Wadi Sayidna ភាគខាងជើងនៃ Omdurman ដែលជាទីក្រុងនៃរដ្ឋធានី Khartoum ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា ការធ្លាក់យន្តហោះនេះបានបំផ្លាញផ្ទះមួយចំនួននៅក្នុងស្រុក Karrari នៃ Omdurman ផងដែរ។
យោធាបាននិយាយមុននេះថា បុគ្គលិកកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលត្រូវបានស្លាប់ នៅក្នុងឧបទ្ទវហេតុនេះ ប៉ុន្តែមិនបានផ្តល់តួលេខទេជាក់លាក់ និងមិន បញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យមានការធ្លាក់យន្តហោះនេះនោះទេ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា សាកសពមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Nau ក្នុងស្រុក Omdurman ។
យោងតាមមន្ត្រីយោធាម្នាក់បាននិយាយថា ក្នុងចំណោមអ្នកស្លាប់មានមន្ត្រីយោធាជាន់ខ្ពស់ រួមមានឧត្តមសេនីយ៍ Bahr Ahmed Bahr និង Lt. Col. Awad Ayoub និងក្រុមនាវិកយន្តហោះ ។ តាមប្រភពពីមន្ត្រីក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បាននិយាយឲ្យដឹងថា ក្នុងករណីនេះមានអ្នកស្លាប់រួមមានស្ត្រី និងកុមារ ក្នុងនោះមានបងប្អូនបង្កើត៥នាក់ទៀតផង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យន្តហោះនេះកំពុងធ្វើដំណើរទៅកាន់ទីក្រុងសមុទ្រក្រហមនៃទីក្រុង Port Sudan ដែលជាកន្លែងទីតាំង របស់រដ្ឋាភិបាលគាំទ្រដោយយោធា យន្តហោះធ្លាក់នេះបានធ្លាក់ពីចំនុច Al-Thawra ក្នុងសង្កាត់ Karrari ។
យោងតាមប្រភពពីអ្នកស្រុកបាននិយាយថា លឺសូរសំលេងផ្ទុះយ៉ាងខ្លាំង ពីការធ្លាក់យន្តហោះនេះ ដែលមានផ្សែងខ្មៅខ្មួលខ្មាញ់ពេញផ្ទៃមេឃ និងធូលីពាសពេញទីក្រុង Omdurman ។
ការធ្លាក់យន្តហោះជារឿងធម្មតានៅក្នុងប្រទេសស៊ូដង់ ដែលមានកំណត់ត្រាសុវត្ថិភាពអាកាសចរណ៍មិនល្អ។ នៅឆ្នាំ ២០២០ មនុស្សយ៉ាងតិច ១៦ នាក់បានស្លាប់ដោយសារយន្តហោះយោធាមួយគ្រឿង។
ការធ្លាក់យន្តហោះ នៅក្នុងប្រទេសស៊ូដង់ ដែលជាកំណត់ត្រាពីសុវត្ថិភាពអាកាសចរណ៍ខ្សោយ ជាក់ស្ដែងនៅឆ្នាំ ២០២០ មនុស្សយ៉ាងតិច ១៦ នាក់បានស្លាប់ ដោយសារយន្តហោះយោធា Antonov An-12 បានធ្លាក់នៅតំបន់ភាគខាងលិចនៃទីក្រុង Darfur ។
ក្នុងឆ្នាំ 2003 យន្តហោះស៊ីវិល Sudan Airways បានធ្លាក់ចូលទៅក្នុងភ្នំមួយខណៈពេលដែលព្យាយាមចុះចតជាបន្ទាន់ដោយបានសម្លាប់មនុស្ស 116 នាក់ ក្នុងនោះមានជនបរទេស០៨ នាក់ និងមានតែក្មេងប្រុសម្នាក់ប៉ុណ្ណោះដែលរួចផុតពីការធ្លាក់យន្តហោះនោះ។

