
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា កុមារាអាយុ២ឆ្នាំ៧ខែ មានទីលំនៅក្នុងភូមិតាង៉ក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានស្លាប់ដោយឆ្លងវីរុសផ្តាសាយបក្សីប្រភេទ ហាស់៥អិន១…។ក្រសួងសុខាភិបាល គូសបញ្ជាក់ថា តាមការសាកសួរបង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងមានមាន់ងាប់ប្រហែល១៥ក្បាល និងខ្លះទៀតកំពុងឈឺហើយកុមារនោះបានដេកលេងនៅក្រោមផ្ទះជិតទ្រុងមាន់ ទើបបណ្តាលឱ្យឆ្លង។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី។ ក្នុងនោះ បន្តការស្វែងរកប្រភពចម្លងទាំងលើសត្វ មនុស្ស ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់។ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ក្រសួងបានចែកជូនឱសថ តាមីហ្វ្លូ ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុផងដែរ។ក្រសួងបានក្រើនរំឭក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ បើសិនមានអាការក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់-ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញាសូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន។ ត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេលព្យាបាល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។ សូមរំឭកថា កាលពីថ្ងៃ១០ ខែមករា ឆ្នាំ២០២៥ កន្លងមក បុរសវ័យ២៨ឆ្នាំម្នាក់នៅស្រុកចម្ការលើ ខេត្តកំពង់ចាម បានបាត់បង់ជីវិត ដោយសារឆ្លងជំងឺផ្តាសាយបក្សីប្រភេទហាស់៥អិន១នេះ៕

