
ភ្នំពេញ % បុរស២នាក់ ពូ និងក្មួយជិះម៉ូតូម្នាក់១គ្រឿងត្រូវក្រុមជនសង្ស័យ ១ក្រុមធ្វើសកម្មភាពធាក់វាយប្លន់ម៉ូតូបានសម្រេចចំនួន ២ គ្រឿងក្នុងពេលតែមួយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង ១១យប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវវិមានឈ្នះៗ ចំណុចក្បែរសាលាកូរ៉េ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុ បុរសរងគ្រោះទាំង២នាក់ត្រូវជាពូនិងក្មួយជិះម៉ូតូម្នាក់ ១ គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅទើបនឹងចេញពីមន្ទីរពេទ្យមើលសាច់ញាតិក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញធ្វើដំណើរតាមបណ្ដោយផ្លូវវិមានឈ្នះៗ ទិសដៅពីជើងទៅត្បូង។
ពេលនោះខណៈជិះមកដល់ចំណុចកើតហេតុក្បែរនឹងសាលាកូរ៉េ ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាប្រមាណ៦នាក់ជិះម៉ូតូ៣ គ្រឿងមកធ្វើសកម្មភាពធាក់ម៉ូតូពីក្រោយបណ្ដាលឲ្យដួល។
បន្ទាប់មកបក្ខពួកជនសង្ស័យប្រដាប់ដោយដំបងនិងដុំថ្មមកគំរាម ពេលនោះដែរដោយខ្លួនភ័យពេកខ្លាចក្រុមជនសង្ស័យទាំងនោះក៏រត់ស្រែកឲ្យអ្នកក្បែរខាងជួយ។
ទោះយ៉ាងណាក្រុមជនសង្ស័យទាំងនោះបានយកម៉ូតូជនរងគ្រោះបានទាំង២គ្រឿងហើយជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។
ក្រោយកើតហេតុគេឃើញវត្តមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់គោករកាចុះមកដល់ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីតាមស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕
