2025-02-26 08:38
77

ខេត្តព្រះសីហនុ÷   នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២និង៥០នាទីរសៀល លើផ្លូវបេតុង ចន្លោះមុខផ្ទះយាយចាម ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយរថយន្ត ១គ្រឿង ម៉ាក HlNO 15 តោនរថយន្តដឹកដីពណ៌បៃតង(ត្រួយចេកខ្ចី) ដែលមានទិសដៅពីលិចទៅកើត ដែលបើកបរដោយឈ្មោះ ជា សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ដដឹកដី ស្នាក់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។


ប្រភពបានបន្តថា លុះមកដល់ចំណុចខាងលើ រថយន្តឡើងចំណោតមិនរួចអកសឺ ហើយក៏បានរេចង្កូចមកខាងឆ្វេងក៏បានថយក្រោយបុកម៉ូតូ០១គ្រឿង បើកបរ មកពីក្រោយរថយន្ត ចំពីមុខ កិនពីលើអូសចូលក្រោមរថយន្តដែលមានទិសដៅស្របគ្នា។
អ្នកជិះម៉ូតូបើកបរដោយស្រ្តីម្នាក់ឈ្មោះ ណង់ ស្រីលីន អាយុ២៣ឆ្នាំ ជាបុគ្គលិក អាណាយ៉ារីហ្សត ស្នាក់នៅកន្លែងធ្វើការអាណាយ៉ារីហ្ស ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានស្រុកកំណើត ភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។


បច្ចុប្បន្ន វត្ថុតាង រថយន្តនិងម៉ូតូបានយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង។ ដោយឡែកអ្នកបើកបររថយន្ដបានម៉ាក HlNO បានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង បានកំពុងដាក់កម្លាំងស្វែងរក ស្រាវជ្រាវ និងបន្តនីតិវិធី៕