
ភ្នំពេញ៖ នគរបាលផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះធ្វើរដ្ឋបាលនៅបន្ទប់ជួលចំនួន២កន្លែង ដោយនៅក្នុងនោះឃាត់បានខ្លួនមនុស្សចំនួន១៧នាក់ក្នុងនោះប្រុសចំនួន១១នាក់ ស្រីចំនួន៦នាក់។ដកហូតម៉ូតូ៥គ្រឿងរួមមានម៉ាកហុងដាឌ្រីមសេ១២៥ចំនួន៣ និងម៉ាកហុងដាស្កូបពីចំនួន២គ្រឿង ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន យកទៅធ្វើតេស្តទឹកនោមនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។
ការចុះរដ្ឋបាលនោះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលចំនួន២កន្លែងក្នុងភូមិព្រៃព្រីខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានឲ្យដឹងថា នៅមុននិងឈានដល់ការឃាត់ខ្លួនមនុស្ស១ក្រុមនោះ នគរបាលបានទទួលព័ត៌មានថា មានការប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះជួលខាងលើនោះ បន្ទាប់មកទើបកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចុះទៅធ្វើរដ្ឋបាលតែម្ដង ។ ខណៈពេលទៅដល់ទីនោះកម្លាំងបានធ្វើការត្រួតពិនិត្យបន្ទប់ជួល២កន្លែង ហើយបានប្រទះឃើញមនុស្សប្រុស ស្រីចំនួន១៧នាក់កំពុងស្នាក់នៅទីនោះ និងរកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននឹងបានធ្វើការឃាត់ខ្លួនផងដែរ ។
នគរបាលបានឲ្យដឹងបន្តថា បន្ទាប់មកបានបញ្ជូនមនុស្សទាំង១៧នាក់នោះរួមទាំងម៉ូតូ៥គ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនផង ទៅកាន់ផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្ត ប៉ុន្តែករណីនេះមិនទាន់ដឹងថាមានជាប់ពាក់ព័ន្ធ គ្រឿងញៀន មនុស្សប៉ុន្មាននាក់ និងអត់ប៉ុន្មាននាក់នៅឡើយទេ ៕
