
ធនាគារដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរីបាននិយាយថា ខ្លួនរំពឹងថានឹងកាត់បន្ថយតួនាទីចំនួន 4,000 ក្នុងរយៈពេលបីឆ្នាំខាងមុខ ខណៈដែលបញ្ញាសិប្បនិមិត្ត (AI) ទទួលយកការងារបន្ថែមទៀតដែលមនុស្សធ្វើនាពេលបច្ចុប្បន្ន។
ប៉ុន្តែចំពោះបុគ្គលិកអចិន្ត្រៃយ៍មិនត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ដោយការកាត់បន្ថយការងាររបស់ពួកគេនោះទេ។
ចំណែកឯ នាយកប្រតិបត្តិដែលចាកចេញរបស់ធនាគារ Piyush Gupta ក៏បាននិយាយដែរថាខ្លួនរំពឹងថានឹងបង្កើតការងារថ្មីដែលទាក់ទងនឹង AI ប្រហែលចំនួន 1,000 ។
រឿងនេះបានធ្វើឱ្យ DBS ក្លាយជាធនាគារធំដំបូងគេដែលផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែល AI នឹងប៉ះពាល់ដល់ប្រតិបត្តិការរបស់ខ្លួន។ ដោយក្រុមហ៊ុនមិនបានធ្វើការបញ្ជាក់លម្អិតនោះទេថា ការងារប៉ុន្មាននឹងត្រូវបានកាត់ចោលនៅសិង្ហបុរីឬតួនាទីណាខ្លះនឹងត្រូវប៉ះពាល់ទៅដល់បុគ្គលិក។
ដោយបច្ចុប្បន្ននេះ DBS មានកម្មករបណ្តោះអាសន្ន និងជាប់កិច្ចសន្យាចន្លោះពី 8,000 ទៅ 9,000 នាក់។ ហើយធនាគារនេះមានបុគ្គលិកសរុបប្រហែល 41,000 នាក់ផងដែរ។
គួរបញ្ជាក់ថា ការរីកសាយភាយនៃបច្ចេកវិទ្យា AI ដែលកំពុងបង្ហាញឱ្យឃើញនូវអត្ថប្រយោជន៍ជាច្រើនដែលមនុស្សអាចប្រើប្រាស់បាននោះ លើសពីអត្ថប្រយោជន៍នេះ វាក៏មានហានិភ័យរបស់វាផងដែរដែលស្ថិតនៅក្រោមការយកចិត្តទុកដាក់ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយនៅឆ្នាំ 2024 ថាវានឹងប៉ះពាល់ដល់ជិត 40% នៃការងារទាំងអស់នៅទូទាំងពិភពលោក។

