2025-02-25 11:50
128

KYIV៖ ប្រធានាធិបតីហ្វាំងឡង់បាននិយាយថា សហរដ្ឋអាមេរិកនឹងចាញ់ប្រសិនបើរុស្ស៊ីឈ្នះសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ខណៈដែលការភ័យខ្លាចកំពុងតែកើនឡើងនៅក្នុងទ្វីបអឺរ៉ុបពាក់ព៏ន្ធជាមួយនឹងចេតនារបស់ប្រធានាធិបតី Donald Trump បីឆ្នាំបន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូ។

លោកប្រធានាធិបតី Alexander Stubb បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មួយនៅរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនថា សង្រ្គាមនៅអ៊ុយក្រែនមិនត្រឹមតែទាមទារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាគឺបង្ហាញពីសន្តិសុខអឺរ៉ុប និងនិយាយអំពីការដឹកនាំរបស់អាមេរិកផងដែរ។ 

បន្ថែមពីនេះ លោកប្រធានាធិបតីរូបនេះក៏បាននិយាយ នៅក្រៅព្រឹត្តិការណ៍មួយដែលមានការចូលរួមដោយមេដឹកនាំបរទេសចំនួន 11រូប ដើម្បីរំលឹករយៈពេល 3 ឆ្នាំចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួន ខណៈដែលទីក្រុង Kyiv កំពុងស្វែងរកការបង្រួបបង្រួមនិងការគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីមានទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រដ៏ធំបំផុតគឺសហរដ្ឋអាមេរិក។

ចំណែកឯលោក Trump ដែលគ្រប់គ្រងកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតរបស់អង្គការណាតូបានចោទសួរពីការប្តេជ្ញាចិត្តយោធា ដែលមានស្រាប់របស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធភាព ដោយចោទប្រកាន់អឺរ៉ុបថាមិនបានចំណាយចំណែកដោយយុត្តិធម៌របស់ខ្លួនលើវិស័យការពារជាតិនោះទេ។

ប្រធានាធិបតីហ្វាំងឡង់ បានដាក់ចេញនូវចក្ខុវិស័យទូលំទូលាយសម្រាប់ផែនការសន្តិភាពក្នុងប្រទេសអ៊ុយក្រែនក្នុងដំណាក់កាលជាច្រើន។ 

ទីមួយ៖ ជាការចរចាមុនការពង្រឹងអ៊ុយក្រែននិងការដាក់សម្ពាធពីរុស្ស៊ី។ 

ទីពីរ៖ ជាបទឈប់បាញ់ជាមួយនឹងការធានាសន្តិសុខសម្រាប់អ៊ុយក្រែនដែលគាំទ្រដោយអឺរ៉ុប និងគាំទ្រដោយអាមេរិក។ 

ហើយទីបី៖ ជាដំណើរការសន្តិភាពដែលពិភាក្សាអំពីបញ្ហាដូចជាទឹកដី ហិរញ្ញវត្ថុ និងការកសាងឡើងវិញ។