2025-02-25 11:04
142

ការបង្កកជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកបានបង្ខំឱ្យបិទស្ទើរតែ 80% នៃការផ្ដល់ជំនួយក្នុងការសង្គ្រោះបន្ទាន់ ដែលត្រូវបានបង្កើតឡើងដើម្បីជួយប្រជាជនដែលមានជីវភាពខ្វះខាតដោយសារសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ូដង់។ ពាក់ព័ន្ធជាមួយនឹងការបិទជំនួយនេះ បើតាមការប៉ាន់ស្មានបានបង្ហាញថា ប្រជាជនជិតពីរលាននាក់កំពុងតែរងផលប៉ះពាល់នៅក្នុងប្រទេសស៊ូដង់។

មូលហេតុដែលបណ្ដាលឲ្យប្រទេសនេះ សម្បូរទៅដោយប្រជាជនដែលមានជីវភាពខ្វះខាតនិងភាពអត់ឃ្លាននោះ ក៏ព្រោះតែជម្លោះរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធាបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបានបង្ខំមនុស្សរាប់លាននាក់ឲ្យចាកចេញពីផ្ទះរបស់ពួកគេ និងធ្វើឱ្យមនុស្សជាច្រើនប្រឈមនឹងគ្រោះទុរ្ភិក្សចាប់តាំងពីសង្គ្រាមនេះបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ 2023 មកម្ល៉េះ។

គួរបញ្ជាក់ថា តាមរយៈការបង្កកជំនួយរបស់រដ្ឋបាលលោក Trump ភ្លាមៗកាលពីខែមុននេះ ពេលនេះកំពុងតែធ្វើឲ្យប្រជាជននៅប្រទេសស៊ូដង់ជាច្រើនទទួលរងនូវការអត់ឃ្លានដោយសារតែ ការខ្វះខាតនូវជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ ក្នុងការផ្ដល់ឲ្យប្រជាជនស៊ូដង់។ 

ហើយបញ្ហាទាំងនេះ កំពុងតែបានបង្កឲ្យមានវិបត្តិនៃភាពអត់ឃ្លានដ៏ធំបំផុតរបស់ពិភពលោក អមជាមួយនឹងលក្ខខណ្ឌនៃគ្រោះទុរ្ភិក្សដែលកំពុងកើតមាននៅស៊ូដង់ផងដែរ។