2025-02-24 14:20
131

រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ នៅក្នុងសារពិសេសមួយ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ជាខួបគម្រប់៣ឆ្នាំ នៃសង្គ្រាមរបស់គាត់នៅលើទឹកដីអ៊ុយក្រែនថា ទាហានរុស្ស៊ី នៅតែជាវីរជន ជាអ្នកការពារ នៃទិវាបិតុប្រទេសដោយសំដៅទៅលើថ្ងៃឈប់សម្រាករបស់ប្រទេសរុស្ស៊ីដែលផ្ដល់កិត្តិយសដល់សមិទ្ធផលរបស់កងកម្លាំងយោធារុស្ស៊ី។

សារព័ត៌មាន Africa News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថា លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូមួយ ថា៖«ពាក្យពិសេស នៃការអបអរសាទរចំពោះទាហាន និង មន្រ្តីរបស់យើង អ្នកចូលរួមនៃប្រតិបត្តិការយោធាពិសេស។ ពួកគេបានប្រថុយជីវិត និងបង្ហាញពីភាពក្លាហានរបស់ពួកគេ ការពារទឹកដីកំណើតរបស់ពួកគេ ផលប្រយោជន៍ជាតិ និង អនាគតរបស់រុស្ស៊ី»។

លោកប្រធានាធិបតី ពូទីន បានបញ្ជាដល់កម្លាំងទាហានរបស់គាត់ ចូលលុកលុយទៅលើប្រទេសអ៊ុយក្រែន តាមអ្វីដែលគាត់បានហៅជា«ប្រតិបត្ដិការយោធាពិសេស» កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ 

សង្រ្គាមដោយខុសច្បាប់របស់លោកប្រធានាធិបតី ពូទីន បានក្លាយជាកម្មវត្ថុចាប់ខ្លួន និង កាត់ទោស នៅក្នុងការបង្ក្រាបបន្ថែមទៀត ប្រឆាំងនឹងក្រុមអ្នកតវ៉ានិងសកម្មជនសិទ្ធិមនុស្ស នៅក្នុងប្រទេសរុស្ស៊ី។

លោកប្រធានាធិបតី ពូទីន ក៏បានប្រើសារថ្ងៃឈប់សម្រាករបស់គាត់ សម្រាប់ប្ដេជ្ញាគាំទ្រកាន់តែខ្លាំង សម្រាប់បុគ្គលិកយោធា ហើយគ្រឿងសព្វាវុធ និងឧបករណ៍យោធាថ្មីៗ សម្រាប់កងកម្លាំងរុស្ស៊ី។

លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ ថា៖«បច្ចុប្បន្ន ដោយសារតែពិភពលោក កំពុងតែប្រែប្រួលយ៉ាងខ្លាំងដល់ដំណើរយុទ្ធសាស្ត្ររបស់យើង សម្រាប់ការពង្រឹងនិង អភិវឌ្ឍន៍កងកម្លាំងប្រដាប់អាវុធ នៅតែមិនផ្លាស់ប្តូរ។ 

យើងនឹងបន្តកសាងសក្ដានុពលប្រយុទ្ធរបស់កងទ័ពជើងគោក និងកងទ័ពជើងទឹកហើយប្រសិទ្ធភាពប្រយុទ្ធរបស់ពួកគេដែលជាផ្នែកមួយដ៏សំខាន់សម្រាប់សន្តិសុខរបស់រុស្ស៊ី ដោយធានាបាននូវអធិបតេយ្យភាពបច្ចុប្បន្ន និងអនាគតរបស់ខ្លួន ព្រមការអភិវឌ្ឍជាប្រចាំ។

អ្នកការពារទិវាបិតុប្រទេស ជាថ្ងៃឈប់សម្រាករបស់អតីតសហភាពសូវៀត ក៏បានប្រារព្ធធ្វើឡើង នៅក្នុងប្រទេសធឺកមេនីស្ថាន(Turkmenistan), បេឡារូស (Belarus), គីជីស្ថាន(Kyrgyzstan), កាហ្សាក់ស្ថាន (Kazakhstan) និង តាជីគិស្ថាន (Tajikistan) ហើយជាការកត់សម្គាល់លើកទី នៅក្នុងប្រទេសរុស្ស៊ី នាឆ្នាំ១៩១៩។ 

អ៊ុយក្រែន ធ្លាប់ប្រារព្ធទិវានេះដែរ ប៉ុន្តែបានលុបចោលថ្ងៃឈប់សម្រាកនេះវិញ នៅឆ្នាំ១៩៩២។

រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបានវាយប្រហារចេញពីប្រទេសរុស្ស៊ី និងចេញពីប្រទេសបេឡារុស។ 

បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេនៅមិនទាន់បានដឹងច្បាស់ អំពីចំនួនទាហានរុស្ស៊ីស្លាប់ឬរងរបួសនៅឡើយ ប៉ុន្ដែកាលពីខែកញ្ញា ឆ្នាំ២០២៣ កាសែត Wall Street Journal បានប៉ាន់ប្រមាណ ថា ទាហាន ២៥0 000 នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន និង ៨00 000នាក់ផ្សេងទៀត បានរងរបួស។

សង្គ្រាមនេះបានធ្វើឲ្យមនុស្សជិត៤លាននាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសអ៊ុយក្រែន ហើយជនភៀសខ្លួនជាង៦លាននាក់ ត្រូវបានកត់ត្រា នៅទូទាំងពិភពលោក។

ដោយឡែក អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ី បានរងការខូចខាតទាហានប្រហែល ៨៦៧ ១៨០នាក់ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយរាប់បញ្ចូលទាំងការស្លាប់ ឬ រងរបួស ចំនួន ១ ១៨០នាក់ កាលពី២៤ម៉ោងមុននេះផងដែរ៕