
រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានបញ្ជាក់ ថា គាត់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការលាលែងពីតំណែង ជាមេដឹកនាំ ប្រសិនបើការនាំមកនូវសន្តិភាពដល់ប្រទេសរបស់គាត់ ដោយស្នើឱ្យគាត់ អាចធ្វើបែបនេះ សម្រាប់សមាជិកភាពរបស់អង្គការណាតូ។
នេះបើតាមទូរទស្សន៍របស់អូស្រ្ដាលី 9 News (ណាញញូស) បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
នៅពេលសួរ នៅក្នុងសន្និសីទសារព័ត៌មាន ថាតើគាត់ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការលាលែងពីតំណែងហើយនោះ ប្រសិនបើបញ្ហានេះធានាដល់សន្តិភាព សម្រាប់អ៊ុយក្រែននោះ?
លោកប្រធានាធិបតី ហ្សេឡែនស្គីបានបញ្ជាក់ថា៖«ប្រសិនបើការលាលែងចេញពីតំណែងរបស់ខ្ញុំ ធានាដល់សន្តិភាពសម្រាប់អ៊ុយក្រែន ប្រសិនបើអ្នកពិតជាត្រូវការឱ្យខ្ញុំលាលែងចេញពីតំណែង ខ្ញុំបានត្រៀមខ្លួនរួចរាល់អស់ហើយ។ ខ្ញុំអាចផ្លាស់ប្តូរបែបនេះ សម្រាប់ធ្វើឱ្យប្រទេសអ៊ុយក្រែន ក្លាយជាសមាជិករបស់អង្គការណាតូ»។
លោកប្រធានាធិបតីអ៊ុយក្រែនធ្លាប់និយាយថា កងទ័ពរបស់ប្រទេសគាត់នឹងត្រូវតែបង្កើនចំនួនទ្វេដង ប្រសិនអង្គការណាតូបដិសេធប្រទេសអ៊ុយក្រែនចូលជាសមាជិករបស់អង្គការសម្ពន្ធភាពយោធាមួយនេះ។
កាលពីដើមខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ផេ ហេគសេត (Pete Hegseth) បានអះអាងថា រដ្ឋាភិបាលក្រុងកៀវ ចូលរួមជាមួយអង្គការ NATO គឺស្ថិតក្នុងភាពមិនប្រាកដប្រជានៅឡើយ៕
