
កំពង់ឆ្នាំង៖ លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញបើការការជួសជុលផ្លូវចាក់ កៅស៊ូ AC ចំនួន ០៤ខ្សែជិត ៣គីឡូម៉ែត្រ នៅក្រុងកំពង់ឆ្នាំង។
លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល បានថ្លែងថា៖ ការបើកការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូ AC បួនខ្សែនាថ្ងៃនេះ ដែលមានប្រវែង សរុប ២.៤៣៥ ម៉ែត្រ ទទឹង ៦ ម៉ែត្រ នៅ ក្នុងសង្កាត់ខ្សាម ចំនួន ០៣ ខ្សែ និងសង្កាត់ប្អេរ ០១ខ្សែ នៃក្រុងកំពង់ឆ្នាំង។ ការជួសជុលផ្លូវនេះ បានចាប់ផ្ដើមកសាងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ និងត្រូវបញ្ចប់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុននេះ ដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។
លោកបណ្ឌិតបានលើកឡើងថា ថ្ងៃនេះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ពិតជាមោទនភាពណាស់ ដែលទទួលបានសមិទ្ធិផលថ្មីបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង ប្រើប្រាស់។ ការអភិវឌ្ឍបានបែបនេះដោយសារប្រទេសជាតិយើងមានប្រមុខរាជរដ្ឋាភិបាលដ៏ល្អ គិតគូរអំពីជីវភាពរបស់ប្រជាពលរដ្ឋ និងដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ។
ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់កៅស៊ូ AC ទាំង៤ខ្សែ មានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត, តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកអភិបាលរងខេត្ត លោកអភិបាល អភិបាលរងក្រុង លោកចៅសង្កាត់ទាំងបួន និងប្រជាពលរដ្ឋ សរុបជាង ៣០០ នាក់ផងដែរ។
លោកបណ្ឌិតសុភាចារ្យ បានបញ្ជាក់ទៀតថា «យុទ្ធសាស្ត្របញ្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានផ្ដោតសំខាន់លើចំណុចបួនដែលត្រូវគិតគូរជាចម្បង គឺ ធនធានមនុស្ស ផ្លូវ ទឹក និងភ្លើង ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ»។
ក្នុងឱកាសនេះដែរ លោកបណ្ឌិតសុភាចារ្យបានសំណូមពរដល់អាជ្ញាធរគ្រប់មូល ដ្ឋានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺគ្មានក្មេងទំនើង គ្មានគ្រឿងញៀន រួមគ្នាគោរពច្បាប់ចរាចរណ៍ និងទប់ស្កាត់អំពើហិង្សាគ្រប់រូបភាពនៅក្នុងមូលដ្ឋាន ក្នុងនោះទាមទារដល់អាណាព្យាបាលដែលជាឪពុកម្ដាយត្រូវតែយកចិត្តទុកដាក់តាមដាន និងអប់រំកូនចៅខ្លួនឱ្យក្លាយជាពលរដ្ឋល្អ មានប្រយោជន៍នៅក្នុងសង្គមជាតិ៕