2025-11-18 10:58
6

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពហឹង្សា និងអំពើរំលោភសិទ្ធិមនុស្សទាក់ទងនឹងយោធាថៃ ដែលកើតឡើងលើប្រជាពលរដ្ឋ និងពលករកម្ពុជាច្រើនរូប នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ និងក្នុងទឹកដីថៃ។

សកម្មភាពរបស់ទាហានឈុតខ្មៅថៃ មានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ 
អំពើទាំងនោះ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាព ផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ បន្ទាប់មក មានការប្រើប្រាស់បន្លាលួសព័ទ្ធ យកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេងដែលមានលក្ខណៈជាការ ធ្វើទុក្ខបុកម្នេញ ដែលនាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព និងអ្នកជំងឺ ជាដើម។ 

កងទ័ពកម្ពុជា ចំនួន ១៨ នាក់ កំពុងស្ថិតនៅក្រោមការឃុំខ្លួនខុសច្បាប់ពីសំណាក់យោធាថៃ ដោយគិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរយៈពេល ១១២ ថ្ងៃហើយ ដែលផ្ទុយនឹងខ្លឹមសារនៃសេចក្តីប្រកាសរួម ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃបើកការវាយប្រហារដោយគ្មានមូលហេតុមកលើ ប្រជាជនកម្ពុជាស្លូតត្រង់ បណ្តាលឱ្យស្លាប់និងរបួស ហើយរាប់រយគ្រួសារទៀតត្រូវបង្ខំចិត្តចាកចេញពីផ្ទះ សម្បែងទាំងយប់។ 

ហេតុការណ៍ថ្មីៗនេះ ពលករចំណាកស្រុកជាស្ត្រីខ្មែរម្នាក់ អាយុ ១៨ឆ្នាំ ត្រូវបានទាហានឈុតខ្មៅថៃ៧នាក់ ចាប់រំលោភបូកយ៉ាងព្រៃផ្សៃ នៅពេលដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ 

គ.ស.ម.ក. ថ្កោលទោសអំពើគួរឱ្យស្អប់ខ្ពើមនេះ និងសូមគូសបញ្ជាក់ថា «ការរំលោភផ្លូវភេទ គឺជា បទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង»។ 
គ.ស.ម.ក. សូមគូសបញ្ជាក់ផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែក្រើនរម្លឹក និងណែនាំដល់ប្រជាពលរដ្ឋកម្ពុជា កុំឱ្យមានរើសអើង ឬប្រើហិង្សា លើប្រជាពលរដ្ឋថៃ អ្នកជំនួញថៃ ក៏ដូចជាជនជាប់ទោសដែលជាជនជាតិថៃក្នុងពន្ធនាគារនៅក្នុងប្រទេសកម្ពុជា។ 

គ.ស.ម.ក. ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមក ផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ និងសំណងផ្សេងៗដល់ជនរងគ្រោះ។ 
គ.ស.ម.ក អំពាវនាវឱ្យសហគមន៍អន្តរជាតិមេត្តាជួយជំរុញដល់ភាគីថៃឱ្យទទួលខុសត្រូវចំពោះករណីទាំងនេះ និងធានាថា ភាគីថៃ គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិជាធរមាន។ 

ប្រសិនបើ ប្រទេសថៃមិនដោះស្រាយ ករណីទាំងនេះឱ្យទាន់ពេលវេលា និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា «ប្រទេសថៃមិន ត្រឹមតែជាប្រទេសគ្មានច្បាប់ទម្លាប់ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ»៕