បន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ករណី បែកធ្លាយវីដេអូបង្ហាញភាពហិង្សាដល់មនុស្ស និងទំនងជាការទាមទារជំនួយបន្ទាន់ បានបណ្តាលឲ្យអាជ្ញាធរ និងសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែត ចុះទៅត្រួតពិនិត្យទីតាំងអគារសង្ស័យភ្លាមៗ។
វីដេអូដែលបានបង្ហោះតាមបណ្តាញសង្គម បង្ហាញឃើញបុរសម្នាក់ ស្លៀកពណ៌ខ្មៅ ឈរលើបន្ទប់ជាន់លើនៃអគារ ដែលមានដែកចង្រឹងបិតជិត កំពុងធ្វើអំពើហិង្សាទៅលើមនុស្ស និងបង្ហាញសញ្ញាការទាមទារជំនួយបន្ទាន់។ ការបង្ហាញនេះ បានធ្វើឲ្យប្រជាជនជាច្រើនមានការព្រួយបារម្ភ និងរំខានចិត្ត។
ភ្លាមៗក្រោយពេលវីដេអូនេះបង្ហោះ អាជ្ញាធរដឹកនាំដោយ លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ ចុះទៅដល់ទីតាំងសង្ស័យ រួមជាមួយកម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អភិបាលក្រុង និងអធិការក្រុង ដើម្បីសម្របសម្រួលការត្រួតពិនិត្យ និងសង្គ្រោះប្រជាពលរដ្ឋ។
តាមការសង្កេត មុនពេលសមត្ថកិច្ចទៅដល់ និងក្រោយពេលវីដេអូបង្ហោះ មានរថយន្តប្រភេទទំនើបច្រើន បើកចេញពីអគារ ដែលសង្ស័យថា «ជាការជន្លៀសមនុស្សចេញពីទីតាំងអគារ»។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកំពុងត្រូវបានត្រួតពិនិត្យយ៉ាងលម្អិត ដើម្បីកំណត់អត្តសញ្ញាណនៃជនសង្ស័យ និងកំណត់សកម្មភាពរបស់ពួកគេ។ ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ថា ការបំពានច្បាប់អនឡាញ និងការបង្ខំមនុស្សខុសច្បាប់ គឺជាបញ្ហាដែលរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។
អាជ្ញាធរបន្តដាក់ចិត្តលើការសង្គ្រោះ និងការចាប់ខ្លួនជនសង្ស័យ ដើម្បីទប់ស្កាត់ការបំពានច្បាប់ និងធានាសុវត្ថិភាពសាធារណៈនៅក្រុងប៉ោយប៉ែត និងតំបន់ជិតខាង៕





