2025-01-06 13:55
138

ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ ជាមន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា៖ «ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ កំពុងដំណើរការយ៉ាងមមាញឹក រួមទាំងការងាររណបមួយចំនួនទៀតដើម្បីធានាការសាងសង់តាមផែនការដែលបានគ្រោងទុក»។

មន្ត្រីអ្នកនាំពាក្យបានរំលេចថា «សំណង់ស្ពានដែកបណ្តោះអាសន្ន (ជំនួសឱ្យការប្រើប្រាស់សាឡង់) ដែលបង្កើតឡើងសម្រាប់ដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ»។

លោក ផន រឹម បានបញ្ជាក់ថា «ស្ពានដីឥដ្ឋ-ថ្មគរ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ និងមានអត្ថន័យបំផុតសម្រាប់ការតភ្ជាប់, សេដ្ឋកិច្ច, ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូងនិងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត»។

ស្ពានដីឥដ្ឋ-ថ្មគរ ជាប្រភេទស្ពានបេតុងប្រវែង ១.៦០០ ម៉ែត្រ,ទទឹង ២៦ ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានប្រវែង ២.១០០ ម៉ែត្រ, ទទឹង ២៦ ម៉ែត្រ ក្រាល AC កម្រាស់ ១០ សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ (Interchange) ចំនួន ០១ កន្លែងនិងផ្លូវក្រោមស្ពាន (Underpass) ចំនួន ០២ កន្លែង៕