
រាជធានីភ្នំពេញ ៖ តារារ៉េបមួយរូប បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ បណ្តាលអោយជនរងគ្រោះប៉ើង បោកផ្ទប់នឹងកញ្ចក់រថយន្ត រួចធ្លាក់បោកក្បាលស្លាប់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ដាវីត ឫទ្ធិរុទ្រ អាយុ ២៤ឆ្នាំ ហៅ RUTH KO ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក CRS ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AL-9616 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុច្រកចូលបុរីប៉េងហ៊ួត ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក LexusRX330 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 09 2-4771 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅបញ្រ្ចាស់គ្នាពីជើងមកត្បូងក្នុងល្បឿនលឿន ស្របពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបួងចង្កូតបត់ឆ្វេងចូលទៅក្នុងបុរីទាំងមិនបានមើលមុខ ជ្រុលទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយប៉ើងជនរងគ្រោះបោកផ្ទប់នឹងកញ្ចក់រថយន្ត រួចធ្លាក់បោកក្បាល ស្លាប់ភ្លាមៗ ។ ចំណែកអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ច ឃាត់យកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោម ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍វាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាម ប្រពៃណី ៕
