2025-01-06 12:09
151

ភ្នំពេញ៖ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ត្រីម្នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្រាវជ្រាវ ស៊ើបអង្កេតរកឃើញពាក់ព័ន្ធបទល្មើស៊ីសំណូកជាថ្នូរមិនបង្ក្រាបបទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត។

លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២៥ នេះថា៖ «មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតករណីឃាតកម្ម និងបទល្មើសគ្រឿងញៀន ដែលបានប្រព្រឹត្តនៅខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តតាកែវ, ព្រមទាំងឈានដល់ការ ឃាត់ខ្លួននាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ០៣រូប ក្នុងនោះ ចំនួន ០២ រូប ត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ និង ០១ រូប ទៀត បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីអនុវត្តវិន័យទណ្ឌកម្មតាមបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ»

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងទៀតថា ដោយមានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា៖ «នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការស៊ើបអង្កេតករណីឃាតកម្ម នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ក៏បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៤ នាក់ ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម អំពើឃោរឃៅរហូតដល់ស្លាប់ និងពាក់ព័ន្ធនឹងអំពើចែកចាយ ជួញដូរ គ្រឿងញៀនដោយខុសច្បាប់»។ 

លោកបានបន្ថែមទៀតថា ក្នុងប្រតិបត្តិការនោះ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកណ្តាល បានចាប់យកវត្ថុតាងគ្រឿងញៀន ចំនួនប្រមាណ ០៧ គីឡូក្រាម, អាវុធវែងកែច្នៃ ចំនួន ០១ ដើម, អាវុធខ្លី ចំនួន ០១ ដើម, កាំភ្លើងបាញ់សត្វ ចំនួន ០១ ដើម, សម្ភារៈពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួន និងជនសង្ស័យទាំង៤នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនិតិវិធី។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ឱ្យដឹងទៀតថា៖ «ដោយផ្អែកលើការស្រាវជ្រាវ និងស្តាប់ចម្លើយជនសង្ស័យ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ បានសុំគោលការណ៍ដឹកនាំពី នាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តអនុវត្តនីតិវិធី ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ធ្វើការឃាត់ខ្លួននាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ០៣ រូប។ តាមចម្លើយ សារភាពរបស់ជនសង្ស័យ និងផ្អែកតាមឯកសារភស្តុតាង មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជ អាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យឈ្មោះ ង៉ែត ចាន់ធី និងឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត) ទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ចំពោះឈ្មោះ លុយ សារ៉ុម ហៅ លុយ សារុំ មិនមានពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក ប៉ុន្តែបុគ្គលនេះគ្មានការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម»

សូមរំឭកថា នាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ០៣ នាក់ រួមមាន៖ ទី១- លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ, ២- លោកអនុសេនីយ៍ទោ លុយ សារ៉ុម នាយសេនាធិការអាវុធហត្ថស្រុកត្រាំងកក់ និង ទី៣- លោកអនុសេនីយ៍ត្រី ស៊ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធខេត្តតាកែវ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីសាកសួរ និងស៊ើបអង្កេតសង្ស័យមានការពាក់ព័ន្ធបទល្មើសស៊ីសំណូក មិនបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត ក្នុងអំឡុងពេលកាន់មុខតំណែង៕