
ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ ដោយសារស្នាដៃ ក្រុមក្មេងទំនើងមួយក្រុមយកដុំថ្មគប់ ខណៈកំពុងដើរ តាមផ្លូវមករកទិញទឹកផ្លែឈើហូប។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១យប់ រំលង អាធ្រាត ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២. ចំនុចមុខផ្សារ ក្រមួន. សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពយុវជនរងគ្រោះមានឈ្មោះ សៅ លីម៉េង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩D នៃសាលាវិទ្យាល័យសម្តេចហ៊ុនសែន ចាក់អង្រែ ស្នាក់នៅក្បែរចំនុចកើតហេតុខាងលើ។
បើយោងតាមការរៀបរាប់របស់ម្តាយនិងមិត្តភ័ក្តិរបស់ជនរងគ្រោះបានឲ្យដឹងថា នៅយប់មុនពេលកើត ហេតុយុវជនរងគ្រោះនិងមិត្តភ័ក្តិចំនួន៣នាក់ទៀតបានដើរចេញពីផ្ទះសុំម្តាយទៅរកទិញទឹកផ្លែឈើ ហូបខណៈកំពុងតែដើរតាមផ្លូវក៏មានក្រុមក្មេងទំនើងចំនួន៤នាក់ជិះម៉ូតូ២គ្រឿងបានមកឈប់ពីមុខក្រុមយុវជនរងគ្រោះ ហើយបានយកដុំថ្មគប់ចំក្បាលយុវជនឈ្មោះសៅ លីម៉េង បណ្តាល ឲ្យដួលដាច់ផ្ងារ ហូរឈាមជោគខ្លួន ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ នៅ មន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់បាត់បង់ ជីវិតតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញចុះមកពិនិត្យសពរួចបាន ធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕