
(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមទំនើងចំនួន១១នាក់ នៅខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ក្រោយពួកគេបានបង្កសកម្មភាពអនាធិបតេយ្យតាមមូលដ្ឋាន។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើងជាបន្តបន្ទាប់ចំនួន១១នាក់ រួមមាន៖
ករណីទី១៖ នៅខណ្ឌកំបូល កាលពីយប់ថ្ងៃទី២៨ ខែធ្នូ កម្លាំងនគរបាល បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៧នាក់ ដែលបានកាប់ម៉ូតូរបស់ភាគីម្ខាងទៀត។
ករណីទី២៖ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ សង្កាត់ចាក់អង្រែក្រោម នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលបានឃាត់ក្មេងទំនើង២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ករណីទី៣៖ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលបានឃាត់ក្មេងទំនើង២នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធខុសច្បាប់ (កាំបិត)។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង១១នាក់ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕




