2024-12-29 12:54
125

សៀមរាប៖ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហា​ក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុង​ពិធី​បើកកម្មវិធីដា​លាន​ ដាល់អំបុក​ឈ្នះឈ្នះលើកទី៤ នៅក្រុងរុនតា​ឯកតេជោសែន ខេត្ដសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួម​ពីអាជ្ញាធរខេត្ត ក្រុង ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

ព្រឹត្តិការណ៍ដាលាន ដាល់អំបុកឈ្នះឈ្នះ ត្រូវបានប្រារព្ធឡើង​ស្របពេល​នៃការប្រារព្ធខួបលើកទី២៦ នៃទិវាសន្តិភាព​នៅកម្ពុជាដែរ​។ឯកឧត្ដមបណ្ឌិត សួន សេរីរដ្ឋា បញ្ជាក់ថា ពិធីដារលាន ដាល់អំបុកឈ្នះ​ឈ្នះនេះ ធ្វើឡើងជាលើកទីបួន ដើម្បីអបអរវេទិកាសន្ដិភាព ដែលបាន​ចាប់​កំណើតតាំងពីឆ្នាំ២០២១ ដែលមកដល់ថ្ងៃទី២៩ ខែធ្នូនេះ មាន​រយៈ​​ពេល​បួនឆ្នាំ។កម្មវិធីដារលាន ដាល់អំបុកឈ្នះឈ្នះ ជា​ពិធីមួយ​មិនត្រឹមតែអបអរថ្ងៃកំណើតវេទិកាសន្ដិភាពនេះទេ គឺធ្វើឡើង​ជាការ​ផ្សព្វផ្សាយពីការកសាងសន្ដិភាព ពីគុណតម្លៃនៃសន្តិភាព និង​ផ្សព្វផ្សាយ​ពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលបាន​ចូលរួម​ការពារសន្តិភាព។

គួររំលឹកថា ពិធីបុណ្យដាលាន ជាពិធីបុណ្យទំនៀមទម្លាប់ប្រពៃណី​ខ្មែរមានតាំងពីបុរាណកាលមក បន្ទាប់ពីប្រជាពលរដ្ឋ​បាន​ប្រមូល​ផលស្រូវ ។ដោយឡែកដាល់អំបុកឈ្នះឈ្នះ គឺភ្ជាប់នឹងនយោបាយ​ឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី ដែលសម្ដេចបានលះបង់គ្រប់យ៉ាងដើម្បីរកសន្តិភាពជូនប្រទេសជាតិ ។ដូច្នេះកម្មវិធីនេះ បានភ្ជាប់​ប្រពៃណី​និងប្រវត្ដិសាស្ដ្រមរតកសន្ដិភា​ព​សម្ដេចតេជោ។

ក្នុងកម្មវិធីដាលាន ដាល់អំបុកឈ្នះ ឈ្នះ នេះដែរ សម្ដេច​កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន នឹងអញ្ជើញបញ្ជាន់ស្រូវជានិមិត្ដរូប និងដាល់អំបុក ព្រមទាំងទស្សនាស្ដង់ពិព័រណ៍បន្លែ ត្រីសាច់ និងរាំវង់សន្ដិភាព។

ឯកឧត្ដមបណ្ឌិត សួន សេរីរដ្ឋា បានបញ្ជាក់ថា កម្មវិធីធ្វើនៅក្រុងរុនតា​ឯកតេជោសែននេះ ចង់បង្ហាញពីការអភិវឌ្ឍ​របស់ក្រុង​នេះផងដែរ ។ក្រុងរុនតាឯកតេជោសែននេះ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ជាក់ស្ដែងសំណង់អគារ ផ្ទះប្រជាពលរដ្ឋ ជាពិសេសផ្សារក្រុងរុនតា​ឯកតេជោសែន មានភាពធំទូលាយជាងគេក្នុងចំណោមផ្សារក្នុងក្រុងនៃ​ព្រះរាជាណាចក្រកម្ពុជា។

គប្បីជម្រាបជូនថា កម្មវិធីដាលាន ដាល់អំបុកឈ្នះឈ្នះនេះធ្វើ​ឡើងជាលើកទី៤ ។លើកទី១ធ្វើនៅខេត្ដកំពង់ឆ្នាំង ,លើក​ទី២​នៅខេត្ដបន្ទាយមានជ័យ ,លើកទី៣នៅខេត្ដបាត់ដំបង និងលើកទី៤ នៅក្រុងរុនតាឯកតេជោសែន៕