2024-12-29 11:45
117

កូរ៉េខាងត្បូង៖ យន្តហោះដឹកអ្នកដំណើរ ១៨១នាក់ បានធ្លាក់នៅអាកាសយានដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង ដោយបានបង្កឲ្យមានមនុស្សស្លាប់យ៉ាងតិច ៦២នាក់។

បើតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ (Yonhap) បានរាយការណ៍ថា យន្តហោះបានធ្លាក់ចេញពីផ្លូវរត់ ហើយបានធ្លាក់ចូលទៅក្នុងជញ្ជាំងនៅអាកាសយានដ្ឋានអន្តរជាតិ មៀន (Muan) នៅភាគនិរតីនៃប្រទេស។

យន្តហោះដែលធ្លាក់នោះត្រូវបានគេស្គាល់ថាជា Jeju Air ដែលដឹកអ្នកដំណើរ ១៧៥ នាក់ និងសមាជិកនាវិកចំនួន ៦ នាក់ កំពុងត្រលប់មកពីទីក្រុងបាងកក នៃប្រទេសថៃ ហើយបានធ្លាក់ខណៈកំពុងចុះចត។

មកទល់ពេលនេះ មនុស្សពីរនាក់ត្រូវបានគេរកឃើញថានៅរស់ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅឡើយ នេះបើតាមមន្ត្រីពន្លត់អគ្គីភ័យបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ។

បើតាម យ៉ុនហាប់ បានរាយការណ៍ថា ក្នុងចំណោមអ្នកដំណើរនៅលើយន្តហោះនោះ មានជនជាតិកូរ៉េខាងត្បូងចំនួន ១៧៣នាក់ និងជនជាតិថៃចំនួន ២នាក់ផងដែរ។

ហើយមូលហេតុនៃការធ្លាក់នេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា វាអាចបណ្តាលមកពីសត្វស្លាបជាប់នៅក្នុងប្រព័ន្ធរបស់យន្តហោះ។

នេះបើយោងតាមភ្នាក់ងារពន្លត់អគ្គិភ័យជាតិ ក្នុងឧប្បត្តិហេតុនេះបានបណ្ដាលឲ្យមនុស្សចំនួន ៦២នាក់បានស្លាប់ ក្នុងនោះមានស្ត្រីចំនួន ៣៧នាក់ និងបុរស ២៥នាក់ ។

ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ៩:០០ នាទីព្រឹក នាថ្ងៃ អាទិត្យ ទី ២៩ ខែ ធ្នូ យោងតាមការចេញផ្សាយពីគេហទំព័រ BBC News ។
 
ហើយមកទល់នឹងពេលនេះអ្នកពន្លត់អគ្គីភ័យចំនួន ៨០នាក់ និងរថយន្តពន្លត់អគ្គីភ័យជាង ៣០គ្រឿងត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុផងដែរ។

កន្លងមកក្នុងឧស្សាហកម្មអាកាសចរណ៍របស់កូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកថាមានកំណត់ត្រាដ៏រឹងមាំសម្រាប់សុវត្ថិភាពអ្នកធ្វើដំណើរ។ 

ហើយចំពោះការធ្លាក់នេះគឺជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរលើកដំបូងមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដ៏ធំបំផុតមួយ របស់កូរ៉េខាងត្បូងដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ។