
ជាការពិតណាស់ គេសង្កេតឃើញថា “Squid Game” រដូវកាលទី១ ទទួលបានការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីមានការចាក់បញ្ចាំង ក្នុងបណ្ដាប្រទេសអន្តរជាតិជាច្រើននៅលើពិភពលោក។
បន្ទាប់ពីផ្ទុះនូវការគាំទ្រដ៏កក្រើកដូចនេះហើយ អ្នកនិពន្ធរឿងដ៏ល្បីល្បាញគឺលោក Hwang Dong Hyuk ក៏បានធ្វើការបញ្ចេញនូវស្នាដៃនៃរឿង “Squid Game” នេះម្ដងទៀត ដោយលោកបានធ្វើការផលិតចេញជាវគ្គ២ តែម្ដង។
ដែលនេះគឺជាទំព័រថ្មីម្ដងទៀតនៃការវិលត្រឡប់មកវិញរបស់រឿង “Squid Game”។
ដោយក្នុងរដូវកាលទី ២ នៃរឿង “Squid Game” នេះ ទើបតែត្រូវបានចាក់បញ្ចាំងត្រឹមតែរយៈពីរថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ២៦ ខែធ្នូ ប៉ុន្តែគេសង្កេតឃើញថា រឿងនេះបានធ្វើការវាយលុក Netflix រហូតហក់ឡើងទៅដល់លំដាប់ថ្នាក់លេខ១ ដែលមានអ្នកទស្សនាច្រើនបំផុតទូទាំងពិភពលោក ដែលនេះគឺជាការស្រង់ស្ថិតិចាត់លំដាប់ដោយវេបសាយ Flixpatrol ជាមួយ ៩៣ ប្រទេស ដោយក្នុងនោះឃើញថា Squid Game ជាប់ចំណាត់ថ្នាក់លេខ១ រហូតទៅដល់ ៩២ ប្រទេសឯណោះ ។
ទោះបីជាអ្នកទស្សនាត្រូវបានបែងចែកនៅក្នុងការទទួលស្វាគមន៍រដូវកាលទី២ ដែលរំពឹងទុកខ្ពស់ក៏ដោយ ក៏តារាងពិភពលោកបង្ហាញពីភាពជោគជ័យរបស់រឿងនេះផងដែរ។ ហើយវាក៏ជាកម្មវិធី Netflix ដំបូងគេដែលសម្រេចបាននូវស្នាដៃដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ។
បើទោះបីជារឿង Squid Game មានការវាយតម្លៃរបស់អ្នករិះគន់យ៉ាងណាក៏ដោយ តែពេលនេះវាត្រូវបានទទួលនូវភាពជោគជ័យដែលបានបង្កើតឡើងវិញជាលើកទីពីរហើយ ដែលបង្ហាញពីរឿងភាគដែលមានគុណភាពខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក។
គួររំឭកផងដែរថា មុនពេលដែលទទួលបានភាពជោគជ័យដូចក្នុងពេលនេះ លោក Hwang Dong Hyuk កាលពី ១៥ឆ្នាំមុន ធ្លាប់ត្រូវបានទទួលការបដិសេធពីអ្នកវិនិយោគ និងតារាសម្ដែងជាច្រើនរូបទៀតផង។
តែបន្ទាប់ពីលោកបានធ្វើការកែសម្រួលនូវ Project នេះឲ្យទៅ Netflix វាក៏បានក្លាយទៅជាបាតុភូតដ៏អស្ចារ្យនិងកក្រើកពាសពេញពិភពលោក។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានផ្ដល់ដោយលោក Hwang ដែលជាអ្នកនិពន្ធរឿងដ៏ល្បីល្បាញមួយនេះ លោកបានបង្ហើបឲ្យដឹងថា រឿងនេះនឹងមានរដូវកាលទី៣ បន្តទៀត ។
ដែលរដូវកាលទី៣ នេះត្រូវបានបង្កើតឡើងក្នុងពេលដំណាលគ្នាជាមួយនឹងរដូវកាលទី២ ហើយចំពោះរដូវកាលទី៣ បច្ចុប្បន្នកំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការផលិតហើយ និងចំពោះការចាក់ផ្សាយវិញគឺស្ថិតនៅចន្លោះខែ មករា និងខែ មិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។

