2025-08-27 12:16
21

ភ្នំពេញ៖ បុរសម្នាក់ឃើញគេផឹកសុីចូលទៅផឹកជាមួយនឹងគេ ដល់ពេលដែលគេឲ្យចេញសាច់ក្លែមមិនព្រមចេញ ស្រាប់តែគេនាំគ្នាទៅផឹកកន្លែងផ្សេងជនបង្កខឹង ទាញដែកថ្នាំងអំពៅវាយបុរសម្នាក់បែកក្បាល ហើយរត់គេចបាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលម៉ោង៧យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នៅចំនុចបន្ទប់ជួលមួយកន្លែងម្តុំផ្លូវដួងងៀប សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

បើតាមសម្តីរបស់ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានសំរាកពីការងារ ហើយជួបជុំផឹកស៊ីបន្តិចបន្តួចមុខបន្ទប់ជួលជាមួយជនបង្កព្រោះសុទ្ធតែជាអ្នកស្គាល់គ្នា តែជនបង្កគេមិនហៅផឹកនោះទេ គឺឃើញគេផឹកដេីរចូលយកស្រាបៀរគាស់ផឹកតែម្តង ហើយថែមទាំងយកក្រវិលកំប៉ុងទៀតផង ។

ប្រភពជនរងគ្រោះបន្តទៀតថាលុះផឹកបានបន្តិចរូបគាត់ជាជនរងគ្រោះបានឈប់ផឹកជាមួយដោយសារតែ អោយជនបង្កជួយចេញស្រាបៀរ ឬសាច់ក្លែមក៏បាន តែជនបង្កថាអត់មានលុយ ទេីបជនរងគ្រោះឈប់ផឹកជាមួយ ហើយក៏ទៅទិញស្រាបៀរ៦កំប៉ុង ទៅផឹកជាមួយមេរបស់គាត់ តែ២នាក់ផ្សេងទៀត នៅកន្លែងជិតគ្នា ស្រាប់តែពេលនោះបុរសជាជនបង្កខឹងសម្បាថាជនរងគ្រោះឌឺគាត់បានទាញដែកថ្នាំងអំពៅប្រហែល១ម៉ែត្រ មកវាយចំក្បាលចំហៀងខាងស្ដាំបណ្ដាលឲ្យបែកហូរឈាម រួចជនបង្កបានទាញកូនកាំបិតមកចាក់ថែមទៀតតែត្រូវជនរងគ្រោះគេចទាន់ ។

ប្រភពបន្តទៀតថាបន្ទាប់ពីប្រេីហិង្សារួចហើយជនបង្កត្រូវបានសាច់ញាតិនៅក្បែរនោះបានដឹកគេចចេញទៅបាត់ ។
បន្ទាប់ពីកេីតហេតុរូបគាត់ជាជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដេីម្បីអោយសមត្ថកិច្ចជួយចាត់ការរកជនបង្កមកចាត់ការបន្តតាមនីតិវិធី ៕