
ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតផ្លូវការជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបានកោតសរសើរចំពោះការដឹកនាំប្រទេសកម្ពុជាថា «សម្តេចធិបតីជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភា»។
លោកដូណាល់ ត្រាំ បានសម្តែងការដឹងគុណចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានតែងតាំងលោកសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដោយនិយាយថា «ការដឹកនាំរបស់កម្ពុជាបានបង្ហាញពីការគោរពចំពោះជីវិតមនុស្ស និងសន្តិភាព»។
យោងតាមខ្លឹមសារក្នុងលិខិតចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក Trump បានចាត់ទុកថា “វាជាកិត្តិយសដ៏អស្ចារ្យ” ដែលបានរួមចំណែកដល់ការបញ្ចប់ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធតាមព្រំដែនរវាងកងទ័ពកម្ពុជា និងថៃ។
លោកត្រាំ បានសរសេរថា៖ «ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានសន្ទនាជាមួយឯកឧត្តម ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធ ជាមួយប្រទេសថៃ។ ប្រទេសកម្ពុជា មានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូណ៌បែប។ ខ្ញុំជឿជាក់ថា ឯកឧត្តមជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព»។
ប្រធានាធិបតី ត្រាំ បានសេរសេរទៀតថា៖ «ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ចាប់ពីពេលនេះតទៅ យើងអាចផ្តោតការយកចិត្តទុកដាក់ជាមួយគ្នាលើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ»។
សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបពីការ ដាក់ឈ្មោះលោក Trump សម្រាប់រង្វាន់ណូបែលសន្តិភាព ដោយសរសើរប្រធានាធិបតីអាមេរិកចំពោះអ្វីដែលលោកបានពណ៌នាថាជា «ការទូតប្រកបដោយចក្ខុវិស័យ និងច្នៃប្រឌិត» ដែលនាំមកនូវការបញ្ចប់អរិភាពនៅតាមព្រំដែនកម្ពុជា-ថៃ៕



