
រាជធានីភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ និងអាជីវករតាមផ្សារនានាក្នុងរាជធានីភ្នំពេញ ខ្លះអាចភ្លេចមុខ ប៉ុន្តែសម្រាប់សមត្ថកិច្ចតាមមូលដ្ឋាននីមួយៗមិនអាចភ្លេចទេ ឲ្យតែដើរកាត់មុខ គឺស្គាល់ច្បាស់ណាស់ ជាមុខសញ្ញាជំនាញធ្វើសកម្មភាពកាត់ខ្សែកតាមទីប្រជុំជន ល្បីល្បាញក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដែលមានរហស្សនាមថាក្រុម«រោងចក្រឆ្នាំង» ។
កាលពីវេលាម៉ោងប្រមាណ៩និង១៥នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥កន្លងទៅ ក្រុមនេះត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានចំនួន៣នាក់ ក្នុងចំណោមបក្ខពួកមានក្មេង-ចាស់ ប្រុសស្រីជាច្រើននាក់ទៀត ដែលបានទៅធ្វើសកម្មភាពលួចបន្លំកាត់ខ្សែកជាក់ស្តែងពីអ្នកដើរកម្សាន្តនៅមុខព្រះមរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ មុខសញ្ញាទាំង៣នាក់នេះ រស់នៅតំបន់សំណង់មិនរៀបរយម្តុំ«រោងចក្រឆ្នាំង» តាមផ្លូវរថភ្លើង ខណ្ឌទួលគោក មាន ៖
១-ឈ្មោះ អង រី ភេទស្រី អាយុ២៤ឆ្នាំ ។
២-ឈ្មោះ គិន លីភា ភេទស្រី អាយុ៤០ឆ្នាំ ។
៣-ឈ្មោះ ណុល ស្រីចាន់ ភេទស្រី អាយុ២៥ឆ្នាំ ។
នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង ខ្សែកលោហធាតុពណ៌លឿង៣ខ្សែ និងបាននាំទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីសាកសួរតាមនីតិវិធី ។
ជនសង្ស័យទាំង៣នាក់ជាមុខសញ្ញាចាស់ ហើយបើតាមសមត្ថកិច្ចឲ្យដឹងថា ពួកគេមិនពិបាកសួរដេញដោលយកចម្លើយទេ គឺសារភាពត្រង់ៗតែម្តង ព្រោះពួកគេហាក់ដូចជាដឹងច្បាប់អស់ទៅហើយ ។
យោងទៅលើចម្លើយសារភាពពាក់ព័ន្ធនឹងបទល្មើសលួចបន្លំកាត់ខ្សែក និងភ្ជាប់ជាមួយពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
