2025-08-24 14:37
20

តាកែវ៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ខេត្តតាកែវ លោកវរសេនីយ៍ត្រី ម៉េង ម៉ារ៉ាដា កើតមានជំងឺគ្រុនឈាម និងកំពុងសម្រាយព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ថវិកា ជូនលោកវរសេនីយ៍ត្រី ម៉េង ម៉ារ៉ាដា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ដែលមានជំងឺគ្រុនឈាមនឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ 

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានជូនពរលោកវរសេនីយ៍ត្រី ម៉េង ម៉ារ៉ាដា ឆាប់ជាសះស្បើយ និងមានសុខភាពល្អបរិបូរណ៍។

សូមជម្រាបថា «ជំងឺគ្រុនឈាម» គឺជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ដែលចម្លងតាមរយៈការខាំរបស់មូសខ្លា។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេងអាយុតិចជាង ១០ឆ្នាំ ហើយវីរុសនេះមាន ចំនួន ០៤ ប្រភេទ។ ដោយហេតុថា បច្ចុប្បន្ននេះ ថ្នាំចាក់វ៉ាក់សាំងការពារជំងឺគ្រុនឈាម ពុំទាន់ត្រូវបានអ្នកវេជ្ជសាស្រ្តរកឃើញ ដូច្នេះវិធីល្អបំផុត ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គឺការពារខ្លួនកុំឱ្យមូសខ្លាខាំ។   

ខាងក្រោមនេះជាដំបូន្មានខ្លះៗ ដើម្បីបង្ការជំងឺគ្រុនឈាម គឺត្រូវប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីកម្ចាត់ជម្រកមូសខ្លា, គេងក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ ឬគេងក្នុងមុងឱ្យបានត្រឹមត្រូវ, ចៀសឱ្យបាននៅទីកន្លែងមានមូសខាំ ជាពិសេសរដូវភ្លៀង, ពាក់ខោអាវវែង, ប្រើប្រាស់ថ្នាំបណ្ដេញមូសពីក្នុងផ្ទះ និងបន្ទប់គេង។

មន្ត្រីជំនាញបានបញ្ជាក់ថា បើសង្ស័យថា នរណាម្នាក់កើតជំងឺគ្រុនឈាម សូមកុំកោសខ្យល់គេឱ្យសោះ ព្រោះវាធ្វើឱ្យគ្រូពេទ្យពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ៕