
ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ បានធ្លាក់ពីលើអគារមួយកន្លែងមកដល់ជាន់ផ្ទាល់ដីបណ្ដាលឲ្យស្លាប់ដោយមិនដឹងមូលហេតុ ។
ហេតុការណ៍នេះដែរ បានបង្ករឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅចំនុចអាគារខ្ពស់មួយកន្លែងលេខ១៦៨ តាមបណ្ដោយផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាជាជនជាតិបទេស ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេមិនដឹងថា បុរសជនបរទេសខាងលើមានរឿងអ្វីនោះទេក៏ស្រាប់តែធ្លាក់ពីអាគារជាន់ទី១៤ មកដល់ដីបណ្ដាលឲ្យបែកក្បាលស្លាប់មួយរំពេចតែម្តង។
ករណីនេះផងដែរ ភ្លាមៗខាងសន្តិសុខដែលយាមនៅទីនោះបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកន្លែងកើតហេតុ និងបានហ៊ុំព័ទ្ធខ្សែមិនឲ្យមានអ្នកចូលទៅបាននោះទេ។
ពាក់ព័ន្ធករណីនេះផងដែរ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថាជនរងគ្រោះលោតសំលាប់ខ្លួនឯងឬ ពាក់ពន្ធ័ករណីផ្សេងៗនោះទេ ដោយកម្លាំងជំនាញកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែធ្វើការពិនិត្យ ។
ការសន្និដ្ឋានរបស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ មិនបានបញ្ជាក់ថា(សព)ខាងលើស្លាប់មិនទាន់ដឹងមូលហេតុយ៉ាងណា រង់ចាំខាងផ្នែកជំនាញចុះធ្វើកោសល្យវិច័យសិនផងដែរ ។
បច្ចុប្បន្ន (សព )សមត្ថកិច្ចបានដឹកយកទៅដាក់នៅវត្តដើម្បីស្ថានទូតមកធ្វើបុណ្យផងដែរ ៕
