2025-08-24 14:21
16

ប៉ៃលិន៖ នៅព្រឹកថ្ងៃអាទិត្យ នេះ ទី២៤ ខែសីហា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានបើកកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រលប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឱ្យបានឆាប់រហ័ស។

សម្រាបកិច្ចប្រជុំនេះផងដែរ ភាគីកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ។ គណៈប្រតិភូភាគីថៃបានមកដល់ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជាហើយ នៅវេលាម៉ោង ០៨និង២៥នាទីព្រឹកនេះ។

កិច្ចប្រជុំ RBC បានចាប់ផ្តើមនៅវេលាម៉ោង ០៩៖២៥នាទីព្រឹក នាថ្ងៃទី២៤ ខែសីហា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅនៅខេត្តប៉ៃលិន ស្របតាមកម្មវិធីដែលភាគីទាំងពីរបានឯកភាពគ្នា។ 

កម្ពុជាសង្ឃឹមថា កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ នឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំង២ ជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ នឹងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីវិលត្រលប់មកវិញ៕