2025-08-24 10:24
21

នាថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ឡាវ កាង សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលរួមមានវត្តមាន អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាប្រគល់ជូនវីរយុទ្ធជនដែលបានរបួសក្នុងសមរភូមិ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា ឡាវ កាង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យោធិនគ្រប់ៗរូបពីលោកអ្នកឧកញ៉ាប្រធាន ព្រមទាំងបានជូនពរដល់វីរកងទ័ពទាំងអស់ដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយដើម្បីវិលត្រលប់ទៅបំពេញការងារនាពេលដ៏ខ្លីខាងមុខ។

ទន្ទឹមនឹងនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានសម្តែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ក៏ដូចជាក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលគ្រប់ផ្នែក ដែលបានកំពុងបំពេញនាទីជាកងទ័ពអាវសជួរក្រោយ ដោយឈរលើសាមគ្គីភាពជាធ្លុងមួយយកចិត្តទុកដាក់មិនរាថយបម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយវិជ្ជាជីវៈខ្ពស់៕