
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា នាពេលពេលបច្ចុប្បន្ននេះ កត់សម្គាល់ឃើញថា ព័ត៌មានក្លែងក្លាយ ត្រូវបានគេប្រើប្រាស់ជាអាវុធយុទ្ធសាស្ត្រក្នុងការបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់កម្ពុជា តាមរយៈការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ទោះបីគណនីខ្លះដាក់ឈ្មោះជាភាសារខ្មែរ ប៉ុន្តែមិនមែនជាខ្មែរនោះទេ ពួកគេជាបរទេសបង្ហោះនូវព័ត៌មានក្លែងក្លាយ ប្រឌិត បំភ្លើស បំភ្លៃ ដោយយករូបភាព ឬវីដេអូពីបរទេស ឬរូបភាពចាស់ដែលស៊ីនៅនឹងស្ថានការណ៍បច្ចុប្បន្ន ក៏យកមកបន្លំថាជាព័ត៌មានថ្មី ដើម្បីបំភ័ន្ត និងទាក់ទាញចំណាប់អារម្មណ៍ប្រជាពករដ្ឋឱ្យជឿលើរឿងរ៉ាវទាំងនេះទើបនឹងកើតថ្មី។
នេះជាការលើកលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា៖ «ក្រុម MMO និងក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសបានក្លាយទៅជាភ្នាក់ងារចែករំលែកព័ត៌មានក្លែងក្លាយបន្តទាំងអស់នេះ។ ក្រៅពីនោះ ក៏មានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីផលិតវីដេអូក្លែងក្លាយផងដែរ»។ ពួកគេមិនមែនបម្រើឱ្យផលប្រយោជន៍ខ្មែរទេ ផ្ទុយទៅវិញពួកគេព្យាយាមបំពុលសតិអារម្មណ៍ប្រជាពលរដ្ឋខ្មែរ ឱ្យបាត់ជំនឿលើរាជរដ្ឋាភិបាល ហើយបំបែកកម្លាំងសាមគ្គីខ្មែរជាជម្រៀកៗ ដើម្បីឱ្យចុះខ្សោយ។
លោក ប៉ែន បូណា បានគូសបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នព័ត៌មានក្លែងក្លាយទាំងនេះ និងត្រូវស្គាល់មុខមាត់ឱ្យច្បាស់ថា “ខ្មែរណាដែលជួយខ្មែរពិប្រាកដ និងខ្មែរណាដែលហុចដងដាវឱ្យសត្រូវឱ្យមកបំផ្លាញខ្មែរគ្នាឯកក្នុងគ្រាដ៏លំបាកនេះ” ។ ក្នុងនោះ ក៏មានសង្គ្រាមចិត្តសាស្ត្រតាមរយៈការប្រើប្រាស់វោហាសាស្ត្រនៃសម្តី និងបណ្តាញផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់ពួកគេដែលផ្សាយព័ត៌មានមិនពិតយកជាសាច់ការមិនបានត្រូវបានគេយកទៅប្រើប្រាស់ដ៏ពេញនិយម ករណីបែបនេះកើតមានរាល់ថ្ងៃ ប៉ុន្តែប្រជាពលរដ្ឋមិនធ្លាក់ចូលអន្ទាក់សង្គ្រាមចិត្តសាស្ត្រនេះទេ ផ្ទុយទៅវិញ ប្រជាពលរដ្ឋយើងបានបញ្ចេញប្រតិកម្ម និងធ្វើការឆ្លើយតបយ៉ាងសកម្ម ដើម្បីបន្សាបព័ត៌មានមិនពិតទាំងនោះ។
អ្នកនាំពាក្យពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា៖ «អាវុធដ៏ស័ក្តិសិទ្ធិបំផុត ដើម្បីយកឈ្នះកលល្បិចនៃសង្គ្រាមចិត្តសាស្ត្រ ក៏ដូចជាយកឈ្នះលើសមរភូមិការទូតដែលយើងកំពុងឆ្លងកាត់ គឺការបន្តប្រកាន់ភាពអត់ធ្មត់ និងរក្សាភាពហ្នឹងនរក្នុងចិត្ត ដោយគោរពឱ្យបានល្អបំផុតនូវកិច្ចព្រមព្រៀងឈប់បាញ់ កុំជ្រួលច្របល់តាមខ្សែញាក់របស់គេ ហើយជឿជាក់លើរាជរដ្ឋាភិបាល និងលើថ្នាក់ដឹកនាំរបស់យើងដែលកំពុងដោះស្រាយបញ្ហាប្រកបដោយភាពវៀងវៃដោយឈរលើស្មារតីសន្តិភាពជាគោល»៕
