2025-08-22 11:37
28

ភ្នំពេញ៖ លោក នង សាកល អនុរដ្ឋលេខា និងជាអ្នកនាំពាក្យរងក្រសួងការបរទេស បានប្រកាសក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ពាក់ព័ន្ធការបោសម្អាតមីនមនុស្សធម៌ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបដិសេដចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងឡាយពីសំណាក់ភាគីថៃ និងបានរំឭកថា “ចំការមីនក្នុងទឹកដីរបស់កម្ពុជា គឺជាមីនដែលបន្សល់ទុកពីអតីតការនៃសម័យសង្គ្រាមចម្លោះឆ្នាំ១៩៧០-១៩៩០ ដែលមិនទាន់បានបោសសម្អាតនៅឡើយ”។

កម្ពុជា ធ្លាប់ជាប្រទេសមួយឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទស្សវត្តន៍បានបន្សល់ទុកនូវគ្រាប់មីន និងសំណក់មិនទាន់ផ្ទុះយ៉ាងច្រើនពាសពេញផ្ទៃប្រទេសបង្កឱ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ស្លាប់ រងរបួស និងពិការប្រមាណជាង ៦ម៉ឺន៥ពាន់នាក់ រហូតដល់ពេលនេះ កម្ពុជាមានឆន្ទៈយ៉ាងមុះមុតក្នុងការគោរពតាមអនុសញ្ញាអូតាវ៉ាចាប់តាំងពីចូលជារដ្ឋភាគីនៃសន្និសញ្ញាអូអាវ៉ាក្នុងឆ្នាំ២០០០។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ UN មកពីចំនួន ៦៤ ស្ថាប័ន ថា៖ «កម្ពុជា បានប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ ទៅជាចូលរួមយ៉ាងសកម្មក្នុងបេសកម្មកម្ចាត់មីសាកលលោក»។ ក្នុងនោះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីនជាង ១ម៉ឺននាក់បំពេញបេសកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេស ចំនួន ៩ និងបានចែករំលែលបទពិសោធន៍ ផ្តល់ការហ្វឹកហ្វឺន និងជំនួយបច្ចេកទេសដល់ប្រទេសជាច្រើនដែលរងគ្រោះដោយសារគ្រាប់មីនផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញពីឆន្ទៈច្បាស់លាស់ និងម៉ឺងម៉ាត់ក្នុងការធ្វើការជាមួយដៃគូរសំដៅសម្រេចឱ្យផែនការណ៍កម្ពុជាគ្មានគ្រាប់មីនៅឆ្នាំ២០៣០។ ក្នុងន័យនេះ កម្ពុជា-ថៃ អាចស្រាវជ្រាវ រិះរកកំណត់ព្រំដែនអាទិភាព សម្រាប់ការបោសសម្អាតមីនប្រឆាំងមនុស្ស ពិសេសតំបន់ដែលមានមនុស្សរស់នៅ និងទីតាំងណាដែលការបោសសម្អាតនោះ បម្រើដោយផ្ទាល់ដល់តម្រូវការសេដ្ឋកិច្ចសង្គម ការពារដោយផ្ទាល់អាយុជីវិតពលរដ្ឋស៊ីវិល និងគាំទ្រដល់ស្ថិរភាពតំបន់ផងដែរ។ 

ពាក់ព័ន្ធនឹងករណីនេះ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សង្ឃឹមថា នឹងទទួលបានការឆ្លើយតបជាវិជ្ជមានពីភាគីថៃផងដែរ៕