2025-08-22 10:45
25

ភ្នំពេញ៖ កាលពីថ្ងៃព្រហស្សតិ៍ ទី២១ ខែសីហា ម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ប្រាប់សមាជិកអង្គទូតបរទេសមានស្ថានតំណាងក្នុង និងក្រៅប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ថា “ភាពផុយស្រួយនៃការអនុវត្តបទឈប់បាញ់ គឺមានការរំលោភបំពានខ្លះ រួមទាំងការរុលទន្ទ្រាន តាមរយៈការរាយបន្លាលួស ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល នៅក្រៅក្រមខ័ណ្ឌនៃតំបន់ដែលមានជម្លោះ មាននៅខេត្តឧត្តមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងពោធិ៍សាត់ ជាដើម”។

ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបន្ថែមទៀតថា ក្រៅពីការរំលោភបំពានទាំងអស់នេះយោធាថៃ បានបន្តការកសាងផ្លូវថ្មី ជីលេណដ្ឋាន និងទីជម្រកក្នុងតំបន់មានជម្លោះ រួមទាំងបន្តការគ្រប់គ្រងកងកម្លាំងកម្ពុជា ចំនួន ១៨ រូប ដែលថៃចាប់ខ្លួន រហូតដល់ពេលនេះមិនទាន់ដោះលេងឱ្យវិលត្រឡប់មកវិញនៅឡើយទេ។ រាល់សកម្មភាពទាំងអស់នេះធ្វើឱ្យបាត់ជំនឿទុកចិត្តគ្នា និងបានធ្វើឱ្យបទឈប់បាញ់មានភាពផុយស្រួយ។

ប្រមុខការទូតកម្ពុជា បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំ និងធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេសមានស្ថានតំណាងក្នុង និងក្រៅប្រទេស ចំនួន ៤២ ប្រទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន ២២ ទីស្តីការក្រសួងការបរទេស មានអ្នកចូលរួម សរុបចំនួន ៧៧ រូប មកពី៦៤ស្ថាប័ន។

ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជាក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ី និងតាមស្មារតី MoU 2000 ហើយកម្ពុជា សង្ឃឹមថា ភាគីម្ខាងទៀតឆ្លើយតបដូចអ្វីដែលកម្ពុជាបានធ្វើ។

ដោយមើលឃើញភាពផុយស្រួយនៃបទឈប់បាញ់គ្នានេះ ទើបកម្ពុជាផ្តល់សារសំខាន់បំផុតការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងក្រុមអ្នកសង្កេតការណ៍អាស៊ានបណ្តោះអាសន្ន (IOT) ស្រមតាមកិច្ចព្រមព្រៀងដែលភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសរបស់គណៈកម្មធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ កម្ពុជា បានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលខ្ពស់បំផុតសម្រាប់បេសកម្ម AOT និង IOT ជាយន្តការសំខាន់ដើម្បីធានាក្នុងការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់៕